(ភ្នំពេញ)៖ ប្រធានស្ថាប័នសិទ្ធិមនុស្សនៅកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កំពុងតែសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានលោកសុំទិដ្ឋាការ (Visa) ទៅសហរដ្ឋអាមេរិក ដើម្បីទៅលេងកូនមិនបាន ហើយចោទសួរថា «តើសិទ្ធិមនុស្សនៅឯណា?»។
លោក កែវ រ៉េមី បានលើកឡើងទៀតថា កាលពីពេលកន្លងទៅលោកស្នើសុំទិដ្ឋាការ មិនដែលខកខាននោះទេ ប៉ុន្ដែអ្វីបានជាពេលនេះប្លែកគេពន្យាពេលរហូតដល់៣សប្ដាហ៍ ទើបបញ្ជាក់ឲ្យទិដ្ឋាការ ឬមិនឲ្យទិដ្ឋាការ ខណៈដែលមកដល់ថ្ងៃនេះជិត១០ថ្ងៃទៅហើយ នៅឡើយមិនទាន់ទទួលបានដំណឹង។
តាមរយៈ Facebook ផ្លូវការប្រធានស្ថាប័នសិទ្ធិមនុស្សរូបនេះ បានសរសេរយ៉ាងដូច្នេះថា «នឹកកូនពេក រត់ទៅសុំ VISA អាមេរិក។ ពីមុនសុំបានៗ តែពេលនេះប្លែក គេពន្យាពេល៣សប្តាហ៍ ថាឲ្យ ឬមិនឲ្យ។ ចូលជិត១០ថ្ងៃហើយ នៅមិនទាន់ទទួលដំណឹង។ នៅសល់តែ២ថ្ងៃទៀត ទោះជាឲ្យក៏ទៅមិនបានដែរពីព្រោះរវល់ខ្លាំង។ សិទ្ធិមនុស្សនៅឯណា?»។
ប៉ុន្ដែទោះជាយ៉ាងណា លោក កែវ រ៉េមី មិនបានបញ្ជាក់អំពីមូលហេតុអ្វីនោះទេ បានជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនបានផ្ដល់ទិដ្ឋាការជូនរូបលោក យ៉ាងដូច្នេះ ខណៈរាល់លើកមិនដែលមានបញ្ហាបែបនេះឡើយ៕