(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃប្រទេសបារាំង បានសេចក្ដីថ្លែងការណ៍ ស្វាគមន៍ចំពោះការផ្តន្ទាទោសជាប្រវត្តិសាស្រ្ត របស់អង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចំពោះអតីតមេដឹកនាំខ្មែរក្រហមនៅកម្ពុជា នួន ជា និង ខៀវ សំផន ទៅលើបទចោទនៃអំពើប្រល័យពូជសាសន៍។
សេចក្ដីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបារាំង ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសបារាំងសូមស្វាគមន៍ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្រ្តរបស់អង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ក្នុងការចាត់ទុកជាអំពើប្រល័យពូជសាសន៍នូវឧក្រិដ្ឋកម្មប្រព្រឹត្តិដោយខ្មែរក្រហម ទៅលើជនជាតិវៀតណាម សហគមន៍ចាម និងជនជាតិភាគតិចនៃសាសនាដទៃទៀត។
ប្រទេសបារាំងគាំទ្រអង្គជំនំជម្រះវិសាមញ្ញតាំងពីការបង្កើតនៅឆ្នាំ២០០៦ និងបន្តគាំទ្រការងាររបស់សាលាក្តីនេះតាមរយៈការរួមចំណែកពង្រឹងយុត្តិធម៌អន្តរជាតិ ក៏ដូចជាការលើកស្ទួយសន្តិភាព និងនីតិរដ្ឋនៅប្រទេសកម្ពុជា។ ប្រទេសបារាំងសូមគូសបញ្ជាក់សារជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងនិរទណ្ឌភាព»។
សូមជម្រាបថា នួន ជា បច្ចុប្បន្នមានអាយុ៩២ឆ្នាំ ដែលជាអតីតអនុលេខាក្នុងអំឡុងរបប ប៉ុល ពត ជ្រុលនិយមសាហាវព្រៃផ្សៃ និង អតីតប្រមុខរដ្ឋ ខៀវ សំផន អាយុ៨៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីការសម្លាប់រង្គាលសហគមន៍មូស្លីមចាម និងសហគមន៍ជាតិពន្ធុវៀតណាម ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានផ្តន្ទាទោសបុរសទាំងពីររូបនេះពីអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមទម្រង់ជាការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការនិរទេស ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញដោយសារមូលហេតុនយោបាយ សាសនា និងពូជសាសន៍ និងអំពើអមនុស្សធម៌ផ្សេងទៀតទៅលើប្រជាជនស៊ីវិលនៅកម្ពុជាក្នុងអំឡុងពេលនោះ៕