(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះថា នៅថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣,០០០នាក់ បានចូលរួមទស្សនាការប្រណាំងទូក និងពិធីបណ្ដែតប្រទីប នៅលើវេទិការបស់ក្រសួងទេសចរណ៍ ប្រកបដោយភាពសប្បាយរីករាយ។
គួរបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាធំមួយនៅខាងមុខព្រះបរមរាជវាំង (ជាប់មាត់ទន្លេ) ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជាទស្សនាការប្រណាំងទូក និងពិធីបណ្ដែតប្រទីបជាដើម។ នៅលើវេទិកានេះ មានបម្រើសេវាកម្មទឹកបរិសុទ្ធ និងភេសជ្ជៈនានាដោយឥតគិតថ្លៃ ហើយមានការបកប្រែជាបីភាសា ទាំងផ្ទាល់មាត់ផង និងឧបករណ៍ស្ដាប់នឹងត្រចៀកផង (កាស) ជូនភ្ញៀវបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន។ ភ្ញៀវទេសចរក៏ទទួលបាននូវឯកសារផ្សព្វផ្សាយស្ដីពីទេសចរណ៍ និងសម្ភារផ្សព្វផ្សាយមួយចំនួនទៀតផងដែរ។
ក្រោយបញ្ចប់ពិធីបណ្ដែតប្រទីប នារាត្រីថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកានេះភ្លាម រដ្ឋមន្ត្រីដ៏សកម្មរូបនេះបានបន្តចុះមកជួបសំណេះសំណាលជាមួយភ្ញៀវទេសចរបរទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរភ្លាមៗដែរ ដោយក្នុងនោះភ្ញៀវទេសចរបានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីថា ពួកគេពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ហើយពួកគេបានបញ្ជាក់ថា ពួកគេនឹងពាំនាំទិដ្ឋភាពដ៏អស្ចារ្យនាឱកាសនេះ ទៅផ្សព្វផ្សាយប្រាប់សាច់ញាតិ ក៏ដូចជាមិត្តភក្តិរបស់ខ្លួន ឱ្យបានយល់ច្បាស់ពីសភាពការណ៍ពិតក្នុងប្រទេសកម្ពុជា ដែលពោរពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព និងផលិតផលទេសចរណ៍ល្អៗជាច្រើនសម្បូរបែប តួយ៉ាងដូចជាព្រះរាជពិធីបុណ្យអុំទូកនេះជាដើម។
ក្រោយមកទៀត លោកបានស្ដាប់នូវការរាយការណ៍របស់មន្ត្រី ហើយបានផ្ដល់កិច្ចសម្ភាសន៍ខ្លីមួយជាមួយភ្នាក់ងារអង្គភាព Fresh News ដោយលោកបានថ្លែងថា ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនសិបម៉ឺននាក់ បានមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណជាជាង ៣ពាន់នាក់ ក៏បានមកទស្សនាលើវេទិកានៅមាត់ទន្លេ ដែលរៀបចំដោយក្រសួងទេសចរណ៍ផងដែរ ក្នុងនោះមានដូចជាភ្ញៀវជនជាតិបារាំង អង់គ្លេស ប៉ូឡូញ រុស្ស៊ី អេស្បាញ អាល្លឺម៉ង់ អាមេរិក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយក៏មានភ្ញៀវមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ជាទិដ្ឋភាពជាក់ស្ដែង ឃើញថាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានភាពសប្បាយរីករាយ ទឹកមុខញញឹមស្រស់ស្រាយគ្រប់គ្នា។
មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរបរទេសទាំងនោះ ក៏បានមើលឃើញនូវទិដ្ឋភាពផ្ទាល់ភ្នែកមួយទៀតនៅក្នុងប្រទេសកម្ពុជា នោះគឺដើមចមនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជារៀងរាល់ឆ្នាំនេះ គឺសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាពិតជាមានសុខសន្តិភាព ស្ថិរភាពពេញលេញ មានការអភិវឌ្ឍសម្បូរសប្បាយពិតមែន។ ទិដ្ឋភាពដ៏មហោស្ចារ្យនៃព្រះពិធីបុណ្យអុំទូកនេះ មិនដែលមានឡើយនៅក្នុងប្រទេសរបស់ពួកគេ។
ជាមួយគ្នានោះ គេឃើញលោករដ្ឋមន្ត្រីរូបនេះ បានផ្ដល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរជាច្រើននាក់ផងដែរ ដោយទិដ្ឋភាពនាពេលនោះពោរពេញដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ ពិសេសលោករដ្ឋមន្ត្រី ថោង ខុន ថែមទាំងបានអំពាវនាវប្រាប់ភ្ញៀវទេសចរទាំងនោះថា «សូមជួយផ្សព្វផ្សាយបន្ថែមពីសភាពការណ៍ពិតនៅកម្ពុជា ពីផលិតផលទេសចរណ៍ដ៏សម្បូរបែប ដូចជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងប្រពៃណីនៃពិធីបុណ្យអុំទូកដ៏ល្អឯកនេះ, កម្ពុជាស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមានបំណងចង់មកទស្សនាកម្សាន្តនៅទីនេះ»។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារបានឲ្យដឹងថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាចន្លោះពី ៥០ទៅ៦០ម៉ឺននាក់៕