(ភ្នំពេញ)៖ ប្រទីបនេះបានរំលេចឲ្យឃើញនូវមោទនភាពជាតិ រួមនឹងវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ខាងក្រោមជាការរៀបរាប់បង្ហាញពីន័យខ្លឹមសារប្រទីបថ្មីនេះ៖
ប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា រំលេចជារូបភាព «នាវាកម្ពុជា» ដែលជានាគរាជដ៏អង់អាច និងប្រកបដោយការតុបតែងលំអយ៉ាងរស់រវើក ជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្ស និងឋានទេវតា និងជានិមិត្តរូបនៃការការពារនិងថែរក្សាសម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយនៅលើ «នាវាកម្ពុជា» មានទង់នៃព្រះរាជាណាចក្រកម្ពុជាដ៏ធំមួយ និងអណ្តែតលើភ្លើងពណ៌ខៀវតំណាងដល់មហាសមុទ្រ។
នៅខាងលើ «នាវាកម្ពុជា» មានរំលេចរូបរចនាតំណាងដល់ប្រាង្គប្រាសាទអង្គរវត្ត ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានរដ្ឋសភា វិមានសន្តិភាព វិមានឈ្នះ-ឈ្នះ និងវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ដែលជាតំណាងដល់ភាពជោគជ័យរុងរឿង និងអភិវឌ្ឍន៍លើខឿនវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ដ៏រឹងមាំនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ សហភាពសហព័ន្ធយុវជនកម្ពុជាលើកតម្កើងស្មារតីស្ម័គ្រចិត្ត ភាពជាគម្រូ និងការបន្តវេននៃយុវជនកម្ពុជា គឺ «យុវជនក្នុងបុព្វហេតុមាតុភូមិ» ក្នុងការថែរក្សាសមិទ្ធិផលដែលបានកសាងកន្លងមកប្រកបមោទនភាព និងបន្តអភិវឌ្ឍជាតិកម្ពុជាមួយ ដែលជាអនាគតរួមគ្នា និងជោគវាសនារួមគ្នា។
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដ៏ធំ លាតសន្ធឹងនៅលើ «នាវាកម្ពុជា» ជាតំណាងដល់មហាសាមគ្គីនៃយុវជន និងប្រជាជាតិកម្ពុជាក្នុងការរួមគ្នាជួយដល់ប្រទេសជាតិអោយមានការរីកចម្រើនទៅមុខ ជាមួយនឹងការដាក់ឧត្តមប្រយោជន៍ជាតិជាធំ។ រំលេចជាមួយពាក្យ «យើងជឿជាក់លើព្រះរាជាណាចក្រកម្ពុជា» ជាកត្តាបញ្ជាក់ថាយុវជនជាសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាចូលរួមជម្រុញ «នាវាកម្ពុជា» ឲ្យឆ្ពោះទៅមុខដោយស្មារតី នៃការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំ១៩៥៣ – ២០១៨ ជាតំណាងដល់ការអបអរសាទរនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាគំរប់ខួបលើកទី៦៥ឆ្នាំ។
គួររំលឹកផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕