(តេហេរ៉ង់)៖ មិនអាចអង្គុយរង់ចាំគ្រោះធ្លាក់មកដល់នោះឡើយ ដោយរដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចបង្កើតការិយាល័យ ឬបន្ទប់ថ្មីមួយ ដែលមានតួនាទីប្រឹក្សាស្វែងរកវិធីដោះស្រាយបញ្ហា ចំពោះទណ្ឌកម្មដ៏មហិមា ដាក់ចេញដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងនោះមានទាំងមកពីក្រសួងសេដ្ឋកិច្ច និងមន្ត្រីបម្រើការក្នុងវិស័យធនាគារជាច្រើនទៀត បានជួបប្រជុំគ្នាក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីបង្កើតឡើងនូវ «បន្ទប់ចាត់ចែង និងប្រឆាំងទណ្ឌកម្ម» មានតួនាទីរិះរកមធ្យោយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីទប់ទល់នឹងទណ្ឌកម្មអាមេរិក។
បន្ទាប់ចាត់ចែង និងប្រឆាំងទណ្ឌកម្មខាងលើនេះ គឺជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយមានតួនាទីអង្កេតមើលផងដែរនូវដំណោះស្រាយនានា ដោយសហរដ្ឋអាមេរិកមកលើវិស័យធនាគារអ៊ីរ៉ង់ ហើយបន្ទប់នេះនឹងពង្រឹងវិស័យធនាគាររបស់អ៊ីរ៉ង់ ដែលជាមុខព្រួញនៃទណ្ឌកម្មអាមេរិកទើបដាក់ចេញ កាលពីពេលថ្មីៗកន្លងទៅនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់នៅតែបង្ហាញភាពជឿជាក់ខ្ពស់ថា ខ្លួននៅតែអាចទប់ទល់នឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់មកលើអ៊ីរ៉ង់ឡើងវិញ ក្រោយអាមេរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានរួមគ្នាបង្កើតឡើង ជាមួយបណ្តាមហាអំណាចធំៗកាលពីឆ្នាំ២០១៥៕