(ភ្នំពេញ)៖ ដើម្បីការពារសុខសុវត្ថិភាពម្ហូបអាហារជូនពលរដ្ឋ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះ ត្រួតពិនិត្យទំនិញនៅកោះពេជ្រក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដោយសហការជាមួយមន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងមន្ទីពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះអង្កេត និងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ធី បានឲ្យដឹងថា មន្ត្រីរបស់លោកបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា៖ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ សាច់ក្រក និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ និងស្តង់លក់ទំនិញ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដោយជាលទ្ធផលពុំឃើញ មានសារធាតុគីមីហាមឃាត់ទេ។
លោកអនុប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម៕