(ភ្នំពេញ)៖ បុរាណណាចារ្យខ្មែរ បានបន្សល់ទុកនូវពាក្យទូន្មានប្រៀនប្រដៅជាច្រើន តាមរយៈជាសុភាសិត ទុកជាការសម្គាល់ ឲ្យមនុស្សគ្រប់ជំនាន់ បន្តការសង្កេតនិងចងចាំ ចំណាំជាបទពិសោធន៍ ក្នុងជីវិតរស់នៅ។
ដូចសុភាសិតបុរាណ មួយឃ្លាពោលថា «ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត» ដែលសុភាសិតនេះយើងអាចបកស្រាយ យ៉ាងខ្លីតាមន័យអត្ថានុរូបថា «ឈើកោងវល្លិព័ទ្ធ» គឺនិយាយពីធម្មជាតិនៃរុក្ខជាតិ ដែលដុះតាមព្រៃ ទោះតូចក្តីធំក្តី គេតែងឃើញមានវល្លិជារុក្ខជាតិ មានសណ្តានជាសរសៃ បានពឹងពាក់ស្នាក់អាស្រ័យជាមួយ នឹងរុក្ខជាតិដែលមានទំហំធំជាងខ្លួន តែប្រសិនបើឈើនោះជាឈើធំត្រង់ខ្ពស់ វល្លិក៏មិនងាយក្នុងការពាក់ព័ន្ធ ឫជ្រកអាស្រ័យ។ ជាមួយនោះដែរ គឺមានតែឈើ ដែលមានសណ្តានកោង ឫមានភាពក្ងេកក្ងក់វៀចវេរ ពត់ពេននោះទេ ដែលវាជាការងាយស្រួលបំផុត សម្រាប់វល្លិវាឡើងរុំខ្លួនបន្តដំណើររួមរស់ជាមួយ ព្រោះវល្លិតែងមានលក្ខណៈទន់ដោយការងាករេ ពត់ពេនមិនអាចហក់ឡើងខ្ពស់ ដោយឯកឯងនោះឡើយ ។
ចំពោះឃ្លាថា «មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត» បុរាណចង់ប្រៀបធៀបថា មនុស្សប្រភេទអន់ខ្សោយ មកពីស្រុកឆ្ងាយ មិនច្បាស់លាស់ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ឬប្រភេទមនុស្សមានទោសរត់ចោលស្រុក មិនអាចវិលត្រឡប់ទៅវិញ បានបុរាណហៅថា មនុស្សខ្ចាត់ព្រាត់ ដែលតែងតែស្វែងរកទីជម្រកណាមួយ សម្ងំលាក់ខ្លួន ប្រៀបដូចវល្លិ ដែលតែងតែស្រវាឈើកោង តោងចាប់ជាបង្អែកនោះដែរ។ ប្រភេទមនុស្សខ្ចាត់ព្រាត់ប្រៀបដូចវល្លិនេះ មិនដែលនឹងរស់នៅជាមួយអ្នកណា ឲ្យបានសុខឡើយ មានតែនាំទោសពៃ ឬសេចក្តីវិនាសអន្តរាយដល់អ្នកសេពគប់ប៉ុណ្ណោះ។
ជាក់ស្តែងអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានបំបែកសំណុំរឿង នារីខ្មែរម្នាក់ដែលរងទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ព្រោះតែ ការសេពគប់ដៃគូរស្នេហាខុស ជាមួយជនបរទេសស្រុកឆ្ងាយ និងបង្ក្រាបជនសង្ស័យបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នារីរងគ្រោះម្នាក់ឈ្មោះ ប.ឃ អាយុ៣០ឆ្នាំ បានស្គាល់រាប់អាន និងទំនាក់ទំនងស្នេហាជាមួយជនជាតិ អាល់សេរី (Algeria) ម្នាក់ឈ្មោះ CHENIMI SID ALI ហៅ SIDO តាមរយៈបណ្តាញទំនាក់ទំនងសង្គម Lovo និងបានរស់នៅជាមួយគ្នា ក្នុងផ្ទះជួល ដូចជាប្តីប្រពន្ធ។ ក្រោយពេលរស់នៅជាមួយគ្នាបានមួយរយៈ បុរសជនជាតិ អាល់សេរី បាននាំនារីរងគ្រោះ ទៅដើរលេងនៅប្រទេស ម៉ាលេស៊ី និងវៀតណាម ហើយក៏ឆ្លៀតឱកាសបង្ខំឲ្យនារីរងគ្រោះជក់ស៊ីហ្សា, ថ្នាំប្រភេទ Revotril និង Promitril និងបាន នាំនារីរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនៗរហូត ធ្វើឲ្យដួលរបួសពេញរាងកាយ ហើយថែមទាំងបង្ខំ ឲ្យរួមភេទទាំងឈឺផងដែរ។
លើសពីនេះទៅទៀត ពេលត្រឡប់មកស្រុកខ្មែរវិញ បុរសឃោរឃៅ ជនជាតិ អាល់សេរី រូបនេះ ធ្លាប់បានយកខ្សែមកចងរឹត ក នារីរងគ្រោះ បង្ខំឲ្យទៅទារលុយពីម្តាយចំនួន ១ម៉ឺនដុល្លាអាមេរិក ដើម្បីយកមកឲ្យរូបគេដើរស៉ីចាយ ដោយឲ្យនារីរងគ្រោះ កុហកម្តាយថានាងមានផ្ទៃពោះ ត្រូវការលុយយកមកថែទាំកូន។ ការប្រើអំពើហឹង្សាលើរូបរាងកាយ, ផ្លូវចិត្ត, ផ្លូវភេទ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន របស់បុរសជនជាតិអាល់សេរីទៅលើនារីរងគ្រោះនេះ បានធ្វើឲ្យនាងក្លាយជាមនុស្សមិនប្រក្រតី បាត់បង់ស្មារតី (ដូចមនុស្សឆ្កួត)។
លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នារីរងគ្រោះក៏បានលួចរត់ត្រលប់ទៅផ្ទះ រស់នៅជាមួយក្រុមគ្រួសារវិញ។ ក្រោយពេលនារីរងគ្រោះត្រលប់មកផ្ទះវិញ ដោយមានសភាពមិនប្រក្រតី មានសតិមិនគ្រប់ ដូច្នោះប្អូនស្រីរបស់នារីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិអាល់សេរី បញ្ជូនទៅតុលាការក្នុងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតែម្តង៕