(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញបើកពិធីប្រណាំងទូក «ង» នៅខេត្តសៀមរាប។
ថ្លែងក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ប្រកបដោយភាពអធិកអធម ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្ត ដ៏ធំមួយក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ជាតិជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបង្កើតឡើងជាច្រើនសតវត្សមកហើយ។
លោកបានបន្តថា ដោយប្រតិបត្តិតាមបវេណី ជាហូរហែរៀងរហូតមកដល់បច្ចុប្បន្ន ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤-១៥ កើត ខែកត្តិក នៅក្នុងក្រុងសៀមរាបអង្គរ ក៏ដូចជានៅគ្រប់ខេត្ត រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពអធិកអធម ក្នុងបរិយាកាសដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាព ស្ថិរភាពពេញបរិបូរណ៌ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ព្រមទាំង លក្ខខណ្ឌអនុគ្រោះគួបផ្សំ និងកត្តាអំណោយផលជាច្រើនទៀត បានបង្កើតនូវសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តខេត្តសៀមរាប កាន់តែច្រើនឡើងៗ ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិនេះឡើង ដើម្បីឧទ្ទិសរម្លឹកដល់អតីតកាល នៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រខ្មែរ ដែលព្រះអង្គទ្រង់ជាអគ្គមេបញ្ជាការកំពូល បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិចេញផុត ពីការត្រួតត្រាឈ្លានពានរបស់បច្ចាមិត្ត ក្នុងអំឡុង ឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ ហើយសម្រេចបាន នូវការបង្រួបបង្រួម និងកសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងឡើងវិញ រហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនារជ្ជកាលនោះ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ បានចារឹកនៅតាមជញ្ជាំងប្រាសាទបាយ័នក្នុងខេត្តសៀមរាប និងប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ ទុកឲ្យកូនចៅជំនាន់ក្រោយៗ បានស្គាល់ និងយល់ដឹងយ៉ាងច្បាស់លាស់នូវអត្តសញ្ញាណ និងដំណើរការវិវត្តនៃប្រវត្តិសាស្រ្តជាតិរបស់ខ្លួនជាបន្តបន្ទាប់។
ក្នុងន័យនេះហើយ ទើបព្រះរាជពិធីបុណ្យនេះ ត្រូវបានទុកជាបុណ្យប្រពៃណីជាតិដ៏ធំពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនា ដែលបុព្វបុរសខែ្មរបានបន្សល់ទុកមក។ ម្យ៉ាងវិញទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រៀបចំឡើងដើម្បីជាការរម្លឹកដឹងគុណដល់ព្រះគង្គារ ជាពិសេសទន្លេមេគង្គ និងទន្លេសាប ដែលបានហូរនាំដីល្បាប់ ដ៏មានជីជាតិសម្រាប់បម្រើឲ្យការបង្កបង្កើនផល នៃដំណាំគ្រប់មុខ បន្លែបង្កាគ្រប់ប្រភេទរបស់ប្រជាកសិករយើងតាមរដូវកាលនីមួយៗ ទទួលបានភោគផល ផ្លែផ្កា សម្រាប់ទ្រទ្រង់ជីវភាពរស់នៅ ក៏ដូចជា ការកសាងសង្គម សេដ្ឋកិច្ចជាតិឲ្យសម្បូររុងរឿង និងមានកិត្យានុភាព ល្បីរន្ទឺគ្រប់ទិសទី។
បើតាមលោក ឃឹម ប៊ុនសុង ដើម្បីឲ្យព្រះរាជពិធីបុណ្យ ដែលបាននិងកំពុងប្រព្រឹត្តជាបន្តបន្ទាប់នេះ ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងបង្កើនឲ្យមានភាពសប្បាយរីករាយ លោកសូមណែនាំ និងអំពាវនាវ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចខាងក្រោម៖
១៖ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមានសមត្ថកិច្ច ត្រូវខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាបាននូវសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវជាតិ-អន្តរជាតិដែលបានអញ្ជើញមកទស្សនាកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
២៖ ប្រជាពលរដ្ឋត្រូវមានស្មារតីចូលរួមធ្វើអនាម័យ បរិស្ថាន ឲ្យបានល្អប្រសើរ ជាពិសេស អាជីវករដែលកំពុងលក់ដូរ នៅតាមបណ្តោយស្ទឹង ត្រូវវេចខ្ចប់សំរាម កាកសំណល់នានា ដាក់ចូលធុងសំរាម។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់ថែរក្សាកូនចៅ កុមារតូចៗ ចៀសវាងការវង្វេងបាត់ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ពាក់ព័ន្ធទៅនឹងការបើកបរ ក៏ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវយោគយល់អធ្យាស្រ័យគ្នា ដើម្បីបញ្ចៀសការកកស្ទះចរាចរ ក៏ដូចជាបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានជាអតិបរមានៅក្នុងព្រះរាជពិធីបុណ្យនេះ។
៣៖ កីឡាករ កីឡាការិនី ត្រូវមានស្មារតីសាមគ្គីយោគយល់អធ្យាស្រ័យគ្នា ក្នុងការប្រកួតប្រជែង ចៀសវាងការបញ្ចេញអាកប្បកិរិយា ដែលមិនសមរម្យធ្វើឲ្យប៉ះពាល់ដល់តម្លៃសីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិ ហើយប្រាសចាគពីភាពឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យ។
៤៖ យុវជន យុវនារី សិស្សានុសិស្ស ត្រូវប្រុងប្រយ័ត្ន ចៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន គ្រួសារ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ៕