(ភ្នំពេញ)៖ ដោយសារតែត្រង់ចំណុចផ្លូវបំបែកជាបួន មុខផ្ទះសំណាក់ស្រែលាភ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក តែងតែស្ទះចរាចរណ៍ខ្លាំងស្ទើររាល់ថ្ងៃនោះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ បានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ជួយពិនិត្យ និងដាក់កម្លាំងសមត្ថកិច្ច ជួយសម្រួលចរាចរណ៍ផង ដើម្បីកុំឲ្យមានការស្ទះខ្លាំង ប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ បានលើកឡើងថា ស្ទើររាល់ថ្ងៃទៅហើយផ្លូវនេះ ដែលមានចរាចរណ៍មមាញឹកខ្លាំង ដោយជួយរំដោះចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី តែងតែស្ទះចរាចរណ៍ ហើយការស្ទះចរាចរណ៍នេះទៀតសោធ មិនមានកម្លាំងសមត្ថកិច្ចជួយសម្រួលឡើយ មានតែប្រជាពលរដ្ឋដែលរស់នៅជិតៗនោះប៉ុណ្ណោះ បានចេញមកជួយសម្រួលចរាចរណ៍ឲ្យដំណើរការ។
ក្រៅតែពីស្នើឲ្យជួយសម្រួលចរាចរណ៍ហើយនោះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូច សូមឲ្យអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធ មេត្តជួយពិនិត្យលទ្ធភាពក្នុងការជួសជុល និងពង្រីកផ្លូវនៅទីនៅឲ្យបានធំទូលាយ ដើម្បីងាយស្រួលធ្វើចរាចរណ៍ផង និងកាត់បន្ថយការស្ទះចរាចរណ៍បានមួយកម្រិតផងដែរ ព្រោះថាបច្ចុប្បន្នផ្លូវនៅតំបន់នៅតូចចង្អៀត ហើយមានស្ថានភាពខូចផងដែរ៕