(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្រ្តីពន្លត់អគ្គិភ័យ បានចុះផ្សព្វផ្សាយ ណែនាំអប់រំ បង្ការត្រួតពិនិត្យលក្ខណៈបច្ចេកទស បង្ការអគ្គិភ័យ នៅតាមភោជនីយ៍ដ្ឋាន ផ្ទះសំណាក់ និងតាមមូលដ្ឋានជុំវិញបរិវេណព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី អេង សាវឿន អនុប្រធាននាយកដ្ឋានទទួលបន្ទុក និងលោកវរសេនីយ៍ទោ រស់ ឧត្តម នាយការិយាល័យបច្ចេកទេស និងបង្ការ អគ្គិភ័យ ព្រមទាំងកម្លាំងជំនាញចំនួន១០នាក់ ដោយធ្វើកម្មភាពការងារ បានចែកខិតបណ្ណដល់ប្រជាពលរដ្ឋនឹងអាជីវក ចំនួន១១៨សន្លឹក (៣៧ សន្លឹកចែកជូនប្រជាពលរដ្ឋដែលមកកម្សាន្ត) ក្នុងបរិវេណកម្មវិធីផងដែរ។
ក្នុងឱកាសនេះដែរកម្លាំងជំនាញ បានចុះអប់រំផ្សាព្វផ្សាយនៅតាមមូលដ្ឋានបានចំនួន៨១ទីតាំង ដើម្បីជាពញ្ញាក់ស្មារតីរបស់ម្ចាស់ទីតាំង ពីគ្រោះអគ្គិភ័យណាមួយដែលបានកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ទួន ដាវុធ ប្រធានក្រុមគោលដៅទី៤ វត្តឧណ្ណាលោម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ មានករណីផ្ទុះកំប៉ុងហ្គាសនៅជាប់របងខ្លោងទ្វាវត្តឧណ្ណាលោម ប៉ុន្តែមិនបានបង្ករជាអគ្គិភ័យទេ ដែលមានម្ចាស់ឈ្មោះ ប៉ិច ហឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់មីខគោ និងភេសជ្ជៈតាមរទេះ៕