(ភ្នំពេញ)៖ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ ក្រោមការដឹកនាំពីលោក តែ អ៉ិតលាង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសហការណ៍ជាមួយមន្រ្តីពាណិជ្ជកម្ម និងមន្ត្រីមន្ទីពិសោធន៍រួមមាន ដើម្បីចុះពិនិត្យមើលទំនិញ និងចំណីអាហារតាមស្តង់ បានរកឃើញទំនិញមួយចំនួនខូចគុណភាព និងមានសាធារតុគីមី ដោយដកហូតមកទុកដុតកម្ទេចចោល។
លោក តែ អ៉ិតលាង អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្រុមការងារបានចុះអនុវត្តន៍សកម្មភាព ត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញវិចខ្ចប់ ដូចជាភេសជ្ជៈ នំកញ្ចប់ ស្ករគ្រាប់ មីកញ្ចប់ និងតូបចំណីអាហារតាមដងផ្លូវ ចាប់ពីផ្សាររាត្រី រហូតដល់មុខបុទុមវត្តី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកបានបន្តថា ក្រុមការងារបានធ្វើការដកយកគំរូមកធ្វើការតេស្តមាន៖ សាច់ត្រីបបែល និងបបែលងៀត។ ជាលទ្ធផល សាច់ត្រីបបែល និងបបែលងៀត មានសារធាតុបូរ៉ាក់ ព្រមទាំងបានដកហូតបានចំនួន ៨,៦គីឡូក្រាម ដើម្បីទុកដុតកម្ទេចចោល។
បើតាម អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមមន្ត្រីបានធ្វើការពន្យល់ណែនាំដល់អ្នកលក់ និងប្រជាពលរដ្ឋ អំពីការទុកដាក់ទំនិញវិចខ្ចប់ និងផលប៉ះពាល់បណ្តាលមកពី ទំនិញខូចគុណភាពផងដែរ៕