(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការការពារសុខភាព ក្នុងឱកាសប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប សំពះព្រះខែ និងអកអំបុក ។
វិធីការពារសុវត្ថិភាពសុខភាពរួមមាន៖
១៖ ពិសាទឹកស្អាត និងអនាម័យចំណីអាហារ ទាំងអ្នកលក់ និងអ្នកបរិភោគ
២៖ កុំពិសាគ្រឿងស្រវឹង បើពិសាត្រូវប្រុងប្រយ័ត្នខ្ពស់ ប្រយ័ត្នពុល និងគ្រោះថ្នាក់ផ្សេងៗ
៣៖ កុំច្រាន ឬរុញគ្នា កុំប្រលែងគ្នា ពេលដួល អាចនឹងបង្កនូវភាពឆោរឡោរត់ជាន់គ្នា
៤៖ កុំនៅផ្ដុំគ្នាមួយកន្លែងពេក អាចថប់ និងដួលសន្លប់
៥៖ កុំនាំជំងឺទៅផ្ទះវិញ ត្រូវប្រើប្រាស់ស្រោមអនាម័យ១០០%
៦៖ កុំប្រើអំពើហិង្សា ពេលប៉ះទង្គិចគ្នា ត្រូវអធ្យាស្រ័យគ្នា ទៅវិញទៅមក
៧៖ មាតាបិតា ត្រូវប្រុងប្រយ័ត្នចំពោះកុមារ ខ្លាចវង្វេង ឬលង់ទឹក
៨៖ បើវិលមុខ អង្គុយចុះ កុំដើរបន្ដទៀត ហើយស្រែករកគ្រូពេទ្យសង្គ្រោះ ព្រោះពេលមានពង្រាយនៅគ្រប់បវិវេណការប្រារព្ធកម្មវិធី
៩៖ ការពារការចម្លងរោគផ្សេងៗ រួមទាំងជំងឺផ្ដាសាយផងដែរ
១០៖ បើសិនជាត្រូវការរថយន្ដសង្គ្រោះបន្ទាន់ សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 119 ឬតាមប្រព័ន្ធទូរស័ព្ទ៣ខ្សែទៀត៖ 012 912 122, 012 591 777 និង 011 848 687 ។
សូមជម្រាបថា ក្រសួងសុខាភិបាល បានត្រៀមរួចជាស្រេច នូវមន្ដ្រីសុខាភិបាល ១,០៣៧នាក់, រថយន្ដសង្គ្រោះ៦៨គ្រឿង ដោយ១១គ្រឿងប្រចាំនៅតាមតង់សុខភាពទាំង១២កន្លែង, ១៤គ្រឿង ដាក់នៅតាមដងផ្លូវសាធារណៈ នៅតាមទីតាំងច្បាស់លាស់, ២៤គ្រឿង ប្រចាំការនៅក្រសួងសុខាភិបាល, ១៣គ្រឿងទៀត ប្រចាំការនៅតាមទូកងនីមួយៗដែលកីឡាករ អញ្ជើញមកពីបណ្ដារាជធានីខេត្ដ ហើយក្រសួងក៏បានត្រៀមបន្ថែមទៀត នូវរថយន្ដសង្គ្រោះនៅតាមមន្ទីរពេទ្យចំនួន៦ទៀតផងដែរ។
សម្រាប់តង់ពិនិត្យសុខភាពទាំង១២ទីតាំង៖
១៖ កោះពេជ្រ,
២៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម,
៣៖ បរិវេណរណសិរ្យផ្នែកខាងកើត,
៤៖ មុខព្រះគម្លង់,
៥៖ ផែថ្មខាងជើងភោជនីយដ្ឋានទីតានិក,
៦៖ ទីលានប្រជាធិបតេយ្យទល់មុខឃ្លាំងសាំងសូគីមិច,
៧៖ ត្រើយខាងកើតទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ
៨៖ នៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ
៩៖ សួនច្បារមុខនាយកដ្ឋានអង្គរក្ស
១០៖ នៅក្បែរវេទិកា កិត្ដិយសខាងត្បូង
១១៖ នៅក្បែរវេទិកា កិត្ដិយសខាងជើង
១២៖ នៅមុខគណៈកម្មការជាតិ រៀបចំការបុណ្យជាតិ/អន្តរជាតិ៕