(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសំណូមពរដល់បងប្អូនកីឡាករទូកទាំងអស់ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នចំពោះចំណីអាហារ ទាំងឡាយណាដែលមិនគប្បីកុំទទួលទាន ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងជាពិសេសក្នុងរយៈពេល៣ថ្ងៃនេះ។
ទន្ទឹមនឹងនេះ សម្រាប់ពេលរាត្រី កុំលេងល្បែងស៉ីសងផ្សេងៗ រហូតដល់កណ្តាលអាធ្រាត្រឬជិតភ្លឺបានចូលសម្រាក គេងមិនគ្រប់គ្រាន់ ស្អែកឡើងពិតជាអុំទូកមិនកើតឡើង ហើយអាចកើតជំងឺខ្យល់គ បណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតថែមទៀតផង។
លោក ចេង មុនីរ៉ា បានលើកឡើងដូចនេះ ក្នុងឱកាសចុះសំណេះសំណាល ជាមួយបងប្អូនចំណុះទូកនៃទូកទាំង៨ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលកំពុងសម្រាកត្រៀមលក្ខណៈចូលរួមប្រណាំង នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោកបានថ្លែងថា ដើម្បីទទួលបានជ័យជន្នះ គឺអាស្រ័យលើកីឡាករ បើកីឡាករបាក់កម្លាំងនោះ មិនអាចធ្វើឱ្យទូកមានជ័យជន្នះបានទេ ដូចនេះសូមកីឡារទាំងអស់ ត្រូវអត់ធ្មត់តមបញ្ហាទាំងឡាយខាងលើនេះឱ្យបាន ដើម្បីនាំទូកឱ្យទទួលបានជោគជ័យ។ ជាមួយនេះកីឡាករទាំងអស់ ក៏ត្រូវគោរពឱ្យបានវិន័យជាចម្បង ទាំងការស្នាក់នៅការហូបចុក និងពេលធ្វើសកម្មភាពប្រណាំាង ព្រោះវិន័យនាំមកនូវសេក្តីថ្លៃថ្នូ និងវិន័យក៏នាំមកនូវជ័យជន្នះ គ្រប់ពេលវេលាផងដែរ។
លោក ហួត ហុយ នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា រដ្ឋបាលខណ្ឌ បានឧបត្តម្ភក្នុង១ទូក ទទួលបាន៖ អង្ករចំនួន០៤បាវ, ទឹកសុទ្ធចំនួន២០កេស, ភេសជ្ជៈបាកាស ចំនួន១០កេស និងថវិកា៥០០.០០០រៀលផងដែរ៕