Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត លី ឆេង ឧបត្ថម្ភទូកឈ្មោះ «ជំទាវស្រីម៉ៅ ហោសុទ្ធសែនជ័យ» ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

21-11-2018 13:51

(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកស្រី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឧបត្ថម្ភដល់ទូកឈ្មោះ «ជំទាវស្រីម៉ៅ ហោសុទ្ធសែនជ័យ» លេខទូក១១១ ដែលមកពីវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

លោកតំណាងរាស្ត្រ លី ឆេង បានផ្តាំដល់កីឡាករទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព បច្ចេកទេស ដើម្បីយកជ័យជម្នះពីដៃគូ។ លោកសំណូមពរ ដល់កីឡាករទូកទាំងអស់ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នចំពោះចំណីអាហារ ទាំងឡាយណាដែលមិនគប្បីកុំទទួលទាន ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងជាពិសេសក្នុងរយៈពេល៣ថ្ងៃនេះ។

ទន្ទឹមនឹងនេះ សម្រាប់ពេលរាត្រី កុំលេងល្បែងស៉ីសងផ្សេងៗ រហូតដល់កណ្តាលអាធ្រាត្រឬជិតភ្លឺបានចូលសម្រាក គេងមិនគ្រប់គ្រាន់ ស្អែកឡើងពិតជាអុំទូកមិនកើតឡើង ហើយអាចកើតជំងឺខ្យល់គ បណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតថែមទៀតផង។

សូមជម្រាបថា ការបត្ថម្ភរបស់លោក បណ្ឌិត លី ឆេង ដល់ទូកឈ្មោះ «ជំទាវស្រីម៉ៅ ហោសុទ្ធសែនជ័យ» រួមមាន៖ ថវិកា១០លានរៀល, ឈុតសម្លៀកបំពាក់ ខោ អាវ និងមួកកីឡាករទូក៦៥កំផ្លេ, ទឹកសុទ្ធ២៥កេស, ភេសជ្ជៈខារ៉ាបាវ២០កេស និងឧបត្ថម្ភក្រុមផ្សាយផ្ទាល់ ថវិកា១លានរៀលផងដែរ៕