(ជាំងស៊ូ-ចិន)៖ ដោយទទួលបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះ មានបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទាក់ទាញវិនិយោគិនចិន ឲ្យមកវិនិយោគលើវិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំស្រូវ និងការកែច្នៃកសិផល។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យផលិតកម្ម ស្រូវពូជហាយប្រីឌ ដែលពូជនេះ មានសក្តានុពលខ្ពស់ក្នុងការផ្តល់ទិន្នផល គុណភាពល្អ ធុននឹងជំងឺ ការប្រែប្រួលអាកាសធាតុ សមស្របតាមតម្រូវការទីផ្សារនាំចេញ។ ក្រៅពីផលិតកម្មស្រូវ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគដាំកប្បាស ដើម្បីយកវត្ថុធាតុដើមនេះ ទៅកែច្នៃជាក្រណាត់ កាត់បន្ថយការនាំចូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រ កំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ នៅខេត្តពោធិ៍សាត់រួចជាស្រេច។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីនិងគណៈប្រតិភូ នឹងទៅពិនិត្យការអនុវត្តកសិកម្មទំនើបជាប្រព័ន្ធ មានលក្ខណៈឧស្សាហកម្ម ដែលក្នុងនោះរួមមានការពិសោធន៍ ការផលិតពូជ រោងម៉ាស៊ីនកិននិងកែច្នៃ ឃ្លាំងស្តុក និងការធ្វើអាជីវកម្មស្រូវ រួមជាមួយការធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វ ដើម្បីបំពេញនូវខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលរំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់គណៈប្រតិភូ ជាពិសេសក្នុងការជំរុញ និងអនុវត្តន៍ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យមានប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក៕