(កាប៊ុល)៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រកាសយកថ្ងៃពុធសប្តាហ៍នេះ ធ្វើជាថ្ងៃកាន់មរណទុក្ខទូទាំងប្រទេសចំពោះជនរងគ្រោះទាំងអស់ ដែលបានស្លាប់ដោយសារតែការបំផ្ទុះគ្រាប់បែក ដ៏កក្រើកទីក្រុងកាប៊ុល ខណៈរហូតមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារខាងលើនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ មានករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកបំផុត នៅក្នុងរដ្ឋធានីកាប៊ុល ដោយភ្លាមៗនោះអាជ្ញាធរអាហ្វហ្គានីស្ថានបានអះអាងថា មនុស្សជាង ៤០នាក់បានបាត់បង់ជីវិត និង ៨៣នាក់រងរបួស ខណៈមកទល់ពេលព្រឹកថ្ងៃពុធនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ជាង ៦០នាក់ និងរបួសជាង ៩០នាក់។ ការបំផ្ទុះត្រូវបានធ្វើឡើង នៅអំឡុងនៃការប្រារព្ធពិធីសាសនាអ៊ីស្លាម គឺថ្ងៃកំណើតនៃ Muslims Prophet Mohammad នៅឯសាលធំមួយក្នុងរដ្ឋធានីកាប៊ុល។
គួរបញ្ជាក់ថា ពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាអ្នកបង្កការបំផ្ទុះនេះឡើងឡើយ ប៉ុន្តែបើតាមការកត់សម្គាល់ ការបំផ្ទុះបែបនេះភាគច្រើនជាទង្វើរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ និងបណ្តាញភេរវករ ISIS។ ដោយឡែកប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចេញមុខថ្កោលទោសកម្រិតធ្ងន់បំផុតចំពោះការបំផ្ទុះនេះ ហើយអង្គការសហប្រជាជាតិក៏ដូចគ្នាដែរ៕