(ភ្នំពេញ)៖ សាលគណរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំហាមព្រះសង្ឃនិមន្តទៅទស្សនាតំបន់មួយចំនួន ចាប់ពីវិមានឯករាជ្យ រហូតដល់គល់ស្ពានជ្រោយចង្វារខាងជើង ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
យោងតាមសេចក្តីណែនាំ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា មូលហេតុដែលចេញសេចក្តីណែនាំនេះ ព្រោះការប្រារព្ធព្រះរាជពិធីអុំទូក និងបុណ្យប្រពៃណីសាសនាកន្លងមក តែងតែឃើញមានព្រះសង្ឃអង្គខ្លះ បាននិមន្តចូលកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងចំណោមមនុស្សច្រើនកកកុញ។
សកម្មភាព និងរូបភាពខាងលើ បានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបួស និងធម៌វិន័យ អភិសមាចារ និងជះឥទ្ធិពលដល់ជំនឿសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀតផង។
តាមសេចក្តីណែនាំដដែលនេះ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាព ទាំងឡាយរបស់ព្រះសង្ឃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកានេះ សាលាគណរាជធានីភ្នំពេញ សូមហាមព្រះសង្ឃទៅទស្សនាតំបន់មួយចំនួនគឺ៖ តំបន់ A, A1-A12 ចាប់ពីវិមានឯករាជ្យ រហូតដល់គល់ស្ពានជ្រោយចង្វារខាងជើង ពោលគឺតំបន់វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្កាវើល កោះពេជ្រ ផ្សារចាស់ និងផ្សារកណ្តាល៕
ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោមនេះ៖