(មណ្ឌលគិរី)៖ ផ្លែផាសិន (Passion) ដែលប្រជាពលរដ្ឋខ្មែរនិយមហៅនាពេលបច្ចុប្បន្ននោះ តាមពិតភាសាខ្មែរយើងគេឱ្យឈ្មោះថ្មីថា «ក្រូចវល្លិ» ហើយផ្លែរុក្ខជាតិដែលគេនិយមយកមកច្នៃជាទឹកផ្លែឈើ ឬភេសជ្ជៈនេះ មានប្រភពដើមដំបូងនៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយវាត្រូវបានគេយកមកដាំច្រើននៅខេត្តមណ្ឌលគិរី និងកំពុងពង្រីកការដាំដុះនៅខេត្តមួយចំនួនទៀត។
អំឡុងពេលទៅទស្សនកិច្ចចម្ការសរីរាង្គនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីចុងសប្ដាហ៍មុននេះ ក្រុមអ្នកសារព័ត៌មានមកពី ៩ស្ថាប័ន បានឃើញនូវទិដ្ឋភាពដ៏ច្រើនសម្បូរបែប ក្នុងចម្ការសរីរាង្គរបស់ប្រជាកសិករ ក្នុងនោះមានទាំងកាហ្វេ កៅស៊ូ ទៀបបារាំង បឺរ តែ និងដំណាំជាច្រើនមុខទៀត ពិសេសគឺក្រូចវល្លិ ឬផាសិននេះតែម្ដង។
លោក វង្ស សាវឿន អ្នកសម្របសម្រួលរបស់អង្គការ CEDAC បានឱ្យដឹងថា ដើមឡើយ រុក្ខជាតិថ្មីដែលមិនធ្លាប់មាននៅលើទឹកដីសុវណ្ណភូមិមួយនេះ គ្មានឈ្មោះពិតប្រាកដសម្រាប់ហៅជាផ្លូវការនោះទេ ប៉ុន្តែក្រោយពីអង្គការ CEDAC យកវាពីប្រទេសហ្វីលីពីនមកដាំនៅប្រទេសកម្ពុជា គេបានហៅឈ្មោះវាថា «ក្រូចហ្វីលីពីន» ប៉ុន្តែដោយសារដើមវាមានលក្ខណៈជាវល្លិ៍ដុះឡើងលើទ្រើង ឬឡើងតាមរបងផ្ទះដូច្នោះ ទើបគេឱ្យឈ្មោះថ្មីថា «ក្រូចវល្លិ» តែម្ដង។
លោកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិនៃអង្គការ CEDAC បានឱ្យដឹងថា ក្រូចវល្លិនេះនៅតំបន់ខ្លះគេហៅផ្លែ «កន្តុករុក»។ ឯលោក សាវឿន បានឱ្យដឹងថា នៅតំបន់ខ្លះគេហៅផ្លែ «ឡុកឡាក់»។ ចំណែកនៅស្រុកស្ទោង ខេត្តកំពង់ធំ គឺហៅផ្លែនេះថាផ្លែ «កំប៉ុករុក»។ ដោយឡែកនៅរាជធានីភ្នំពេញ ឬនៅតាមទីរួមខេត្ត និងទីប្រជុំជននានា គេនិយមហៅផ្លែនេះតាមភាសាអង់គ្លេសថា «ផាស្សិន» ឬតាមភាសាបារាំងថា «ប៉ាស្សុង»។
ថ្វីដ្បិតផ្លែរុក្ខជាតិប្រភេទនេះ គ្មានប្រភពដើមនៅប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែមហាជនទូទៅចង់ឱ្យមានឈ្មោះផ្លូវការណាមួយជាភាសាជាតិ សម្រាប់ហៅឈ្មោះផ្លែឈើមួយប្រភេទនេះ ពីព្រោះប្រជាពលរដ្ឋតែងតែបរិភោគ ដាំដុះនៅតាមផ្ទះ ឬនៅតាមចម្ការ ពោលតែងតែឃើញវាស្ទើរតែរៀងរាល់ថ្ងៃ ដូច្នេះហើយទើបប្រជាកសិករទាំងអស់បានសម្រេចហៅផ្លែ «ក្រូចវល្លិ» នេះតែម្ដង។
សណ្ឋានដី អាកាសាធាតុ រយៈកម្ពស់ របបទឹកភ្លៀង និងលក្ខខណ្ឌផ្សេងទៀតខេត្តមណ្ឌលគិរី អំណោយផលយ៉ាងខ្លាំងដល់ការដាំដុះដំណាំក្រូចវល្លិនេះ ដែលក្នុងនោះគេឃើញមានប្រជាសិករនៅឃុំដាក់ដាំ ស្រុកអូររាំង និងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា និយមដាំដំណាំឡើងទ្រើងនេះច្រើនណាស់ ខណៈដែលទីផ្សារក្នុងស្រុក និងក្រៅស្រុកបច្ចុប្បន្នកំពុងមានតម្រូវការយ៉ាងខ្លាំង។
អ្នកជំនាញកសិកម្មសរីរាង្គរបស់ CEDAC បានឱ្យដឹងថា កម្ពុជាបាននាំចូលផ្លែក្រូចវល្លិពីប្រទេសវៀតណាមប្រមាណ ៥តោន ក្នុងមួយថ្ងៃៗ ខណៈតម្រូវនៅទូទាំងប្រទេសមានដល់ទៅ ១០តោន ក្នុងមួយថ្ងៃៗ។
ដោយមើលឃើញបញ្ហានេះហើយ ទើបអង្គការ CEDAC បានខិតខំជំរុញដល់ប្រជាកសិករនៅខេត្តមណ្ឌលគិរី កោះកុង កំពង់ស្ពឺ បាត់ដំបង កំពតជាដើម ឱ្យបង្កើនការដាំដុះផ្លែក្រូចវល្លិនេះឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ រួមចំណែកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
កសិករម្ចាស់ចម្ការក្រូចវល្លិនៅឃុំដាក់ដាំ លោក លីឡាំ បានឱ្យដឹងថា លោកបានដាំដំណាំក្រូចវល្លិនេះ រយៈពេល២ឆ្នាំមកហើយ ហើយនៅឆ្នាំ២០១៨នេះ លោកប្រមូលផលបានរហូតដល់ ១តោន ដោយមួយគីឡូលក់បាន ៥,០០០រៀល។
កសិកររូបនេះបានបន្តថា ក្រូចវល្លិមានច្រើនប្រភេទ ក្នុងនោះមានពូជពណ៌ក្រហម ពណ៌លឿង ពណ៌ស្វាយ និងពណ៌បៃតងជាដើម៕