(ភ្នំពេញ)៖ ក្រុមហ៊ុន «ហេងអភិវឌ្ឍន៍» បានសម្រេចផ្តល់ថវិកាគោលនយោបាយបន្ថែមជាង ៨៥ម៉ឺនដុល្លារអាមេរិក ជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារនៅក្នុងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលធ្លាប់មានវិវាទដីធ្លីជាមួយក្រុមហ៊ុននៅចន្លោះទំនប់៩៤-៥៦ ខ្សែស្រប៥៧-៥៩។ ពិធីផ្តល់ថវិកាគោលនយោបាយនេះ បានធ្វើនៅសាលាឃុំអំពៅព្រៃ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពិធីប្រគល់ប្រាក់ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អភិបាលស្រុកកណ្តាលស្ទឹងលោក បូរ ណារ៉េត តំណាងក្រុម និងប្រជាពលរដ្ឋដែលមានវិវាទផងដែរ។ ប្រជាពលរដ្ឋត្រូវបានគេផ្ទៀងផ្ទាត់ឈ្មោះ ជាមួយសៀវភៅគ្រួសារ បន្ទាប់មកបានបើកថវិកាឲ្យដល់ដៃភ្លាមៗតែម្តង។
លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹងបានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការផ្តល់ប្រាក់សំណងនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងការចង់បានប្រជាពលរដ្ឋ។
ក្នុងនាមជាអាជ្ញាធរ លោក បូរ ណារ៉េត បានបង្ហាញក្តីរំពឹងថា ក្រោយពីការផ្តល់ថវិកាគោលនយោបាយបន្ថែមពីខាងក្រុមហ៊ុននេះ អាចនឹងបញ្ចប់វិវាទរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ដែលបានអូសបន្លាយជាយូរឆ្នាំមកហើយនោះ។
វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហេងអភិវឌ្ឍន៍លើទីតាំងដីស្រែប្រាំងខាងលើនេះ បានកើតមានអស់ជាច្រើនឆ្នាំមកហើយ។ ភាគីក្រុមហ៊ុនបានអះអាងថា ខ្លួនបានប្រមូលទិញដីខាងលើពីប្រជាពលរដ្ឋតាំងពីអំឡុងឆ្នាំ១៩៩៦មកម្ល៉េះ ហើយក៏ទទួលបានប្លង់កាន់កាប់ចេញដោយអាជ្ញាធរស្របច្បាប់ផងដែរ។
ដោយឡែកខាងអាជ្ញាធរវិញ បានរកឃើញថា ដីនៅតំបន់នោះមានការស្មុគស្មាញច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនបានយកដីនោះទៅលក់ច្រើនត។ ជាក់ស្តែងដីខ្លះត្រូវម្តាយលក់ហើយ បែរជាកូនយកទៅលក់បន្តឲ្យអ្នកដទៃ ដីខ្លះអ្នកខ្លះទៀតបងលក់ហើយ បែរជាប្អូនយកទៅលក់បន្ត... ទើបធ្វើឲ្យដីខ្លះមានម្ចាស់គ្រប់គ្រងច្រើន ហើយបង្កទៅជាបញ្ហាស្មុគស្មាញបែបនេះ។
ដោយឡែកភាគីប្រជាពលរដ្ឋវិញ បានទទួលស្គាល់ផងដែរថា ដីស្រែប្រាំងខាងលើពួកខ្លួនមិនមានប្លង់កម្មសិទ្ធិគ្រប់គ្រងដីនោះទេ ហើយក៏មិនមែនជាកម្មសិទ្ធផ្ទាល់ខ្លួននោះដែរ តែពួកគេបាននាំគ្នាទៅកាប់ឆ្កាព្រៃធ្វើស្រែប្រាំងលើដីនោះតៗគ្នាជាយូរឆ្នាំមក។
ប្រជាពលរដ្ឋខ្លះដែលធ្លាប់បានធ្វើសកម្មភាពតវ៉ាលើបញ្ហាដីធ្លីនេះកាលពីពេលកន្លងទៅនោះ បានអះអាងថា ពួកគេនឹងឈប់តវ៉ាទាមទារដីនេះបន្តទៀតហើយ បន្ទាប់ពីក្រុមហ៊ុនបានដោះស្រាយគោលនយោបាយបន្ថែមដល់ពួកគេ។ បងប្អូនប្រជាពលរដ្ឋក្នុងឃុំអំពៅព្រៃ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរផងដែរ ដែលព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាជូនពួកគាត់។