(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើវិស័យអប់រំ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សិក្ខាសាលាដែលបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជ និងកីឡា សកលវិទ្យាល័យ សាលារៀនជំនាន់ថ្មី អ្នកជំនាញផ្នែកអប់រំ និងបច្ចេកវិទ្យាជាតិ និងអន្តរជាតិជាច្រើនរូប។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ និបទីក (NIPTICT) បានលើកឡើងថា សិក្ខាសាលានេះត្រូវបាន
បង្កើតឡើងក្នុងគោលបំនងបីសំខាន់ៗ៖
*ទី១៖ ការចែករំលែកបទពិសោធន៍រវាងគ្នារវាងគ្រឹះស្ថានអប់រំនៅកម្ពុជា។
*ទី២៖ ការស្វែងយល់អំពីគោលនយោបាយសាលារៀនជំនាន់ថ្មី របស់ក្រសួងអប់រំ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអប់រំ។
*និងទី៣៖ កិច្ចពិភាក្សាស្តីពីបញ្ហា និងដំណោះស្រាយដើម្បីអភិវឌ្ឍន៍ ការអប់រំដោយប្រើបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះ លោក ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្នុងបរិការសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ការវិវត្តន៍និងការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល មានសន្ទុះយ៉ាងលឿន ដែលបានបង្កើតឡើងព្រមគ្នា នូវឱកាសនិងបញ្ហាប្រឈមថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្លាជាងមុនផងដែរ។
បើតាមលោក ខូវ មករា ដើម្បីឆ្លើយតបទៅនឹងបរិការនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្លាំង ដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា។ សិក្ខាសាលាថ្ងៃនេះ ក្រៅពីមានគោលបំណង លើកទឹកចិត្តដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអប់រំ និងជំរុញឱ្យមានការពិភាក្សាលើទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ និងវិទ្យាល័យនាំមុខ ដើម្បីរៀបចំស្នើនូវដំណោះ
ស្រាយប្រទាក់ក្រឡាគ្នាមួយ ដែលអាចជួយដល់សិស្ស-និស្សិត ឱ្យងាយចាប់យកការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិផងដែរ៕