(ស្វាយរៀង)៖ បុរសជាមេភូមិម្នាក់ដែលធ្វើដំណើរដោយម៉ូតូតាមដងផ្លូវ ត្រូវរថយន្តម៉ាក Kia ដឹកកម្មករមួយគ្រឿងបុកបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៣០នាទីយប់ ស្ថិតនៅលើផ្លូវបំបែកលេខ ៣១៥ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្ដបង្កម៉ាក Kia ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A ០១១៩ បើកបរពីត្បូងទៅជើង ហើយអ្នកបើកបរមិនត្រូវបានគេស្គាល់អត្ដសញ្ញាណនោះឡើយ បានរត់គេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុភ្លាមៗ ដោយបន្សល់ទុកតែរថយន្ដ នៅកន្លែងកើតហេតុប៉ុណ្ណោះ។
រីឯម៉ូតូវិញ ម៉ាក គុបមូល ពណ៌សំបកឪឡឹក គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ៅ ខេម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរមេភូមិមេលោង រស់នៅភូមិ មេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនរងគ្រោះ បើកបរពីកើតទៅលិច បានរងរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង ហើយមធ្យោបាយយានយន្ត ទៅរក្សាទុកនៅករិយាល័យចរាចរណ៍ខេត្តស្វាយរៀង ខណៈដែលសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីខាងលើនេះ សមត្ថកិច្ចអះអាងមូលហេតុថា បណ្តាលមកពីខាងម៉ូតូ មិនគោរពសិទ្ធិអាទិភាព៕