Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប ឧបត្ថម្ភទូកចែវនារីឈ្មោះ «ព្រះពៃស្រពណ៌» នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៨នេះ

21-11-2018 10:53

(ភ្នំពេញ)៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា បានឧបត្ថម្ភទូកចែវនារីមួយគ្រឿងឈ្មោះ «ព្រះពៃស្រពណ៌» ដោយឧបត្ថម្ភការស្នាក់នៅ និងការហាត់សមរបស់ទូក មុនពេលចូលប្រកួត និងនៅក្នុងព្រឹត្តិការណ៍ប្រកួត ដែលមានរយៈពេលបីថ្ងៃ ដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការឧបត្ថម្ភរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជានេះ ដោយផ្តល់ជាសម្ភារៈ និងអាហារសម្រាប់ក្រុមកីឡាករទូកចែវនារី ឈ្មោះព្រះពៃស្រពណ៌ ដោយមានកីឡាករនារីចំនួន ៤២នាក់ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លោកឯកអគ្គរដ្ឋទូត George Edgar ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានគាំទ្រប្រពៃណីវប្បធម៌ ដ៏សំខាន់នេះរបស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីឱ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួម ការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម។

លោកបានបញ្ជាក់ទៀតថា​ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ នៅក្នុងវប្បធម៌របស់ប្រទេសកម្ពុជា ហេតុនេះ ព្រះរាជពិធីនេះ មានសារៈសំខាន់ជាពិសេសសម្រាប់យើងនៅឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះត្រូវបានជ្រើសរើសជាឆ្នាំ នៃកេរដំណែលវប្បធម៌អឺរ៉ុប ហើយព្រះរាជពិធីនេះ គឺជាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្សរាប់លាននាក់មករាជធានីភ្នំពេញ។ ផ្នែកមួយនៃការឧបត្ថម្ភរបស់សហភាពអឺរ៉ុប យើងក៏ឆ្លៀតយកឱកាសដ៏ពិសេសនេះ ដើម្បីជួយផ្សព្វផ្សាយសារ អំពីអំពើហិង្សាលើស្ត្រី និងកុមារី។ អាវយឺតដែលពាក់ដោយកីឡាករនារី មានសារសរសេរថា «និយាយថាទេ ចំពោះអំពើហិង្សាលើស្ត្រី»។

លោកបានបន្ថែមទៀតថា សហភាពអឺរ៉ុបប្រចាំកម្ពុជា មានមោទនភាពគាំទ្រគម្រោងនានាដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ គម្រោងនានាដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស កំពុងតែផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់ផងដែរ៕