(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ តាមបណ្តោយស្ទឹងពោធិ៍សាត់ ទល់មុខក្លោងទ្វារចូលវត្តពាលញែក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តជាង៥ម៉ឺននាក់ ដែលចំនួននេះបានលើសពីការរំពឹងទុក ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
ថ្លែងក្នុងឱកាសបិទពិធីប្រណាំងទូក «ង» លោក ម៉ៅ ធនិន បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិក នៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។
លោកបានបន្ថែមថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះហើយ ទើបយើងមានឱកាស បានប្រារព្ធពិធីបុណ្យផ្សេងៗ ជាក់ស្តែងដូចជាពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដែលពុំធ្លាប់មានទាល់តែសោះ ក្នុងទឹកដីខេត្តពោធិ៍សាត់ ហើយត្រូវបានរៀបចំប្រារព្ធនាពេលនេះ ធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងបានដើរលេងកម្សាន្ត នេះដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ លោកក៏បានអបអរសាទរចំពោះកីឡាករទូក «ង» ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភី និងសូមលើកទឹកចិត្តដល់កីឡាករទូក «ង» មិនទទួលបានចំណាត់ថ្នាក់ សូមកុំមានការអាក់អន់ចិត្ត ចំពោះលទ្ធផលដែលខ្លួនបានទទួល ពោលគឺត្រូវខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រកួតជាមួយខេត្តដទៃនៅឆ្នាំបន្តបន្ទាប់ ក្នុងន័យពង្រឹងការសាមគ្គីភាព និងរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ ដែលមានតាំងពីយូរលង់មក។
សម្រាប់លទ្ធផលទូក «ង» ខ្នាតអន្តរជាតិ ឆ្នាំ២០១៨នេះរួមមាន៖
*ចំណាត់ថ្នាក់លេខ១ បានទៅលើទូក «តេជៈបារមីរស្មីសាមគ្គីមុន្នីឧត្តម» ជាទូករបស់មន្ទីរផែនការ មន្ទីរមុខងារ និងមន្ទីរប្រៃសណីយ៍, ទូក «បារមីកែវវិជ័យសិរីពោធិ៍សាត់» ជាទូករបស់មន្ទីរពាណិជ្ជកម្ម មន្ទីរកិច្ចការនារី និងមន្ទីរទេសចរណ៍, ទូក «សភាពាណិជ្ជកម្មមានជ័យ» បារមីព្រះអង្គចៅសែន ជាទូករបស់សភាពាណិជ្ជកម្ម, ទូក «តេជោសែនជ័យបារមីលលកសចាស់» ជាទូករបស់មន្ទីរកសិកម្ម និងទូក «សុខុមាលសែនជ័យសិរីឧត្តម» ជាទូករបស់មន្ទីរសុខាភិបាល។
*ចំណាត់ថ្នាក់លេខ២ បានទៅលើទូក «ទ្រីភាពសែនជ័យបារមីតាគ្រី» ជាទូករបស់សាលាស្រុកវាលវែង, ទូក «ឧស្សាហកម្មថាមពលវ៉ារី សាមគ្គីសុខសែនជ័យបារមីឃ្លាំងមឿង» ជាទូករបស់មន្ទីររ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម, ទូក «ចៅសែនជ័យបារមីឃ្លាំងមឿង» ជាទូកសាលាខេត្ត, ទូក «ម៉ែត្រមាសតេជោសែនជ័យ» ជាទូករបស់មន្ទីរដែនដី, ទូក «នទីមង្គលសែនមានជ័យ» ជាទូករបស់សាខាធនាគារ និងអង្គរតនាគារ, ទូក «ពោធិ៍សាត់សែនជ័យបារមីឧកញ៉ាឃ្លាំងមឿង» ជាទូករបស់អាវុធហត្ថ និងសឹករង, ទូក «កងចក្រទេពសែនជ័យ» ជាទូករបស់សាខាគយ និងសាខាពន្ធដារ និងទូក «បារមីឃ្លាំងមឿងខេមរាតេជោសែនមានជ័យ» ជាទូករបស់មន្ទីរធម្មការ មន្ទីរវប្បធម៌ និងមន្ទីរព័ត៌មាន។
*ចំណាត់ថ្នាក់លេខ៣ បានទៅលើទូក «សែនជ័យចេស្តាបារមីយាយចន្នី» ជាទូករបស់សាលាក្រុងពោធិ៍សាត់, ទូក «វិស្ណុសែនជ័យបារមីឃ្លាំងមឿង» ជាទូករបស់មន្ទីរសាធារណៈការ, ទូក «ក្រគរសែនជ័យបារមីសុវណ្ណស្លាកែត» ជាទូកសាលាស្រុកក្រគរ, ទូក «រាជសីហ៍មានឫទ្ធិ» ជាទូករបស់ស្នងការនគរបាល, ទូក «តេជោសែនជ័យបារមីអ្នកអប់រំ» ជាទូករបស់មន្ទីរអប់រំ, ទូក «កញ្ជរមានល័ក្ខសែមមានជ័យ» ជាទូករបស់សាលាស្រុកកណ្តៀង, ទូក «នទីសេដ្ឋាមហាសាមគ្គីសែមមានជ័យ» ជាទូករបស់មន្ទីរសេដ្ឋកិច្ច និងទូក «តេជៈបារមីមានជំទាវខាន់ខៀវ» ជាទូករបស់សាលាស្រុកភ្នំក្រវាញ៕