(ភ្នំពញ)៖ ឯកអគ្គរដ្ឋទូតអឺរ៉ុប លោក George Edgar និងលោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា បានធ្វើការកោតសសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងប្រមូលចំណូលជូនជាតិ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់កិច្ចសន្ទនាអាហារថ្ងៃត្រង់ ដែលរៀបចំដោយសភាពាណិជ្ជកម្មសហគមអឺរ៉ុបប្រចាំ នៅប្រទេសកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពថ្មីៗ នៃគោលនយោបាយពន្ធគយ កិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងទស្សនវិស័យគយនៅពេលអនាគត។
កិច្ចសន្ទនានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងមានការចូលរួមដោយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា, លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា, លោក Blaise Kilian នាយកប្រតិបត្តិរបស់ EuroCham និងពីថ្នាក់ដឹកនាំ អគរ, នាយកប្រតិបត្តិ និងតំណាងសហគមអាជីវកម្មប្រមាណ១០០នាក់។
ក្នុងសុន្ទរកថាបើកកិច្ចសន្ទានានេះ លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា បានលើកឡើងពី តួនាទីដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឲ្យប្រសើឡើង នូវការប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិ និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
លោកបានថ្លែងអំណរគុណ និងបានកោតសរសើរពីការរីកចម្រើន និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវ បរិយាកាសធុរកិច្ច និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាពិសេសកិច្ចសហប្រតិបត្តិការកន្លងមករវាងស្ថាប័នគយ និងសភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា នៅក្នុងយន្តការគយវិស័យឯកជន ដែលបានដោះស្រាយបញ្ហាជាច្រើនគួរឲ្យកត់សម្គាល់។
នាឱកាសនេះដែរ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណ EuroCham និង អគរ ក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចសន្ទនានេះឡើង ដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធស្វែងយល់ និងដោះស្រាយនូវពិភាក្សាពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងគយនានា។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងរបស់សភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា និងបានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះតួនាទីសំខាន់ពីរ របស់ស្ថាប័នគយ ក្នុងការប្រមូលចំណូល និងការសម្រួលពាណិជ្ជកម្ម ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការគយ និងសាមញ្ញកម្មនីតិវិធីគយតាមរយៈកម្មវិធី ARISE PLUS។
ជាកិច្ចឆ្លើយតបនៅក្នុងបទអន្តរាគមន៍ លោកបណ្ឌិត គុណ ញឹម បានគូសរំលេចវឌ្ឍនភាពនានារបស់អគ្គនាយកដ្ឋានគយ ជាពិសេសជោគជ័យ នៃការប្រមូលចំណូល បានលើសផែនការ និងមានកំណើនជារៀងរាល់ឆ្នាំ គ្របដណ្តប់ប្រមាណ៥០% នៃចំណូលសារពើពន្ធ ទោះបីស្ថិតក្នុងកាលៈទេសៈ ដែលអត្រាពន្ធគយ នៃមុខទំនិញភាគច្រើនត្រូវបានចុះមក០% ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយចំណូលពន្ធផ្ទៃក្នុង ដែលប្រមូលអគ្គនាយកដ្ឋានពន្ធដារ កាន់តែកើនឡើងជាលំដាប់។
លោកបានលើកឡើងថា ការធ្វើបទអន្តរាគមន៍អំពីគោលនយោបាយ និងចក្ខុវិស័យគយ រួមមាន៖ គោលនយោបាយពន្ធគយ ទស្សនវិស័យ និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣។
លោកបណ្ឌិត គុណ ញឹម បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មល្អក្នុងឆ្នាំ២០១៨ ដែលមានកំណើនសេដ្ឋកិច្ចលើសពី៧% ហើយអគ្គនាយកដ្ឋាន ក៏បានប្រមូលចំណូលលើសផែនការ និងមានកំណើន ១០%។ ភាពជោគជ័យរបស់ស្ថាប័នគយនេះ កើតចេញពីកត្តាមួយចំនួន រួមមាន ការដាក់អនុវត្តកម្មវិធី កំណែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៤-២០១៨, សាមញ្ញកម្មនីតិវិធីគយ, ការអនុវត្តការប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យាប្រព័ន្ធស្វ័យប្រវត្តិកម្ម, និងការប្រយុទ្ធប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ, និងការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។
លោក គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយរបស់សហភាពអឺរ៉ុប ដែលបានរួមចំណែកផ្តល់ជំនួយក្នុងការបង្កើត និងដាក់ឲ្យប្រើប្រាស់ គម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ត្រូវបានគាំទ្រដំបូងដោយគម្រោងជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍ ក្រោមការសម្របសម្រួល របស់ធនាគារពិភពលោក ដែលបច្ចុប្បន្នប្រព័ន្ធនេះបានគ្របដណ្តប់លើផ្ទៃប្រទេស នៃប្រតិបត្តិការនាំចេញ និងនាំចូល និងបានសហការយ៉ាងជិតស្និទ្ធ ក្នុងក្របខណ្ឌភាពជាដៃគូគយ-ផ្នែកឯកជននាពេលកន្លងមក។
បន្ទាប់មក លោកបណ្ឌិត គុណ ញឹម បានឆ្លើយបំភ្លឺ និងបានសន្យាពិនិត្យលទ្ធភាពដោះស្រាយនូវសំណូមពរ និងសំណួរមួយចំនួន ដែលបានលើកឡើង ដោយវិស័យឯកជន ពាក់ព័ន្ធនឹងនីតិវិធីបំពេញបែបបទគយ, ការកំណត់តម្លៃគិតពន្ធគយ, ការផ្ទៀងផ្ទាត់វិញ្ញបនបត្រដើមកំណើតទំនិញ, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ, គោលនយោបាយពន្ធគយ ព្រមទាំងបានផ្តាំផ្ញើឲ្យធុរជនទាំងអស់ ខិតខំពង្រឹងអនុលោមភាពច្បាប់របស់ខ្លួន និងសុំចូលជា សមាជិកធុរជនល្អបំផុត ដើម្បីទទួលបាននូវប្រព្រឹត្តកម្មពិសេសបន្ថែមទៀតលើការបំពេញបែបបទបញ្ចេញទំនិញពីគយ។
ក្នុងកិច្ចសន្ទនានេះ លោកបានដោះស្រាយ និងទទួលសំណូមពរមួយចំនួន ដែលបានលើកឡើងដោយធុរជនពាក់ព័ន្ធ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕