(ភ្នំពេញ)៖ លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group ជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ល្បីនៅកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជា ប្រៀបបានដូចជាកូនស្រីក្រមុំ ដែលវិនិយោគិនបរទេសចង់ចូលមកចែចូវ បានសេចក្តីថា វិស័យនេះបាន និងកំពុងទាក់ទាញនូវវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា វិនិស័យអចលនទ្រព្យរបស់កម្ពុជា បច្ចុប្បន្ននៅតែមានកំណើនល្អ ហើយកំណើនល្អនេះ នឹងបន្តទៅមុខយ៉ាងតិច ២ឬ៣ឆ្នាំទៀត។
លោកឧកញ៉ាបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យអ្នកវិនិយោគសម្រុកវិនិយោគក្នុងវិស័យអចលនទ្រព្យច្រើននោះ គឺដោយសារកម្ពុជាមានស្ថិរភាពនយោបាយល្អ ជាមួយកំណើនសេដ្ឋកិច្ច៧ភាគរយប្រចាំឆ្នាំ និងដោយសារតែគោលនយោបាយ ទាក់ទាញអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តផ្នែកពន្ធ និងការងាររដ្ឋបាលជាដើម។
ថ្លែងក្នុងកិច្ចសម្ភាសន៍ កម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យល្បីរូបនេះនិយាយថា «កាលណាគេនិយាយពីការវិនិយោគ គឺគេនិយាយពីស្ថិរភាពនយោបាយ គេនិយាយពីកំណើនសេដ្ឋកិច្ច។ ស្ថិរភាពនយោបាយនៅស្រុកខ្មែរយើងបច្ចុប្បន្ននេះ គឺសន្តិសុខ និងស្ថិរភាពល្អធ្វើឲ្យអ្នកវិនិយោគគេចាប់អារម្មណ៍ មើលឃើញថា ស្រុកខ្មែរយើងគឺជាកូនក្រមុំមួយ ដែលគេសម្លឹងឃើញថា គួរតែមកវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដោយសារភាពចាប់អារម្មណ៍របស់ អ្នកវិនិយោគក្រៅប្រទេសនេះហើយ ដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅតែមានកំណើន គួបផ្សំវិស័យសេដ្ឋកិច្ច (GDP) នៅតែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺ៧ភាគរយ អ្នកវិនិយោគគេសម្លឹងឃើញបែបនោះ»។
លោកបន្ដទៀតថា ជាក់ស្ដែងមួយរយៈចុងក្រោនេះមានវិនិយោគិនចិនជាច្រើនមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែពួកគេមើលឃើញវិស័យនេះ ជាវិស័យដែលនាំមុខគេ។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០១៨ គម្រោងសាងសង់នៅកម្ពុជា មានចំនួន២,៥៤១គម្រោង លើផ្ទៃដីជិត១១លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគប៉ាន់ស្មានជិត ៥ពាន់លានដុល្លារអាមេរិក។
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ជាមួយលោក ឧកញ៉ា សៀ ឫទ្ធី ទាំងស្រុង៖