Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពុត ហ៊ាន កសិករស្រុកជីក្រែង ត្រូវបានអ្នកភូមិប្រសិទ្ធិនាមថា កែវ សារ៉ាត់ ទី២, មានបំណងចង់បង្ហាញសមត្ថភាព តាមទូរទស្សន៍

20-11-2018 22:33

(ភ្នំពេញ)៖ លោក កែវ សារ៉ាត់ មាន​ឈ្មោះ​ពិត ឈុំ តេះ កើត​នៅ​ភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និង ម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៧៧។

លោក កែវ សារ៉ាត់​ គឺជាអ្នកចម្រៀង១រូប ដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងសម័យទស្សវត្សរ៍ទី៨០។ ឆ្នាំ​១៩៨៥ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ។ លោក​បាន​ច្រៀង​ថត​កាស្សែត​ឲ្យ​ផលិត​កម្ម មយូរា បាន​ប្រ​ហែល​ជា៤០ ទៅ​៥០​បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​ចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​ដាក់​ឈ្មោះ​ថា ជួង​មាស និង ចាប​មាស។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​គ្រប់​ទិស​ទី គឺ​បទ ស្រណោះ​ដី​ខ្មែរ, ពិសាខ​ដើម​ឆ្នាំ​ ជាដើម។

ដោយឡែក លោក ពុត​ ហ៊ាន អាយុ៣៥ឆ្នាំ គឺជាកសិករម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋប្រសិទ្ធិនាមឲ្យថា​ ជាលោក​​ កែវ​ សារ៉ាត់ ទី២​ ពីព្រោះតែសំឡេងដ៏ក្រអួនក្រអៅរបស់លោក ប្រៀបបាននឹងសំឡេងដើម របស់លោក​ កែវ សារ៉ាត់ បិទបេះតែម្តង។ លោកមានដើមកំណើតនៅភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយ​ Fresh News លោក ពុត​ ហ៊ាន បានឲ្យដឹងថា លោកគឺជាមនុស្សម្នាក់ ដែលស្រលាញ់លោក កែវ សារ៉ាត់ តាំងពីនៅកុមារភាពម្លេះ។ លោកថា លោកតែងតែរៀនច្រៀងតាមបទភ្លេង របស់លោក កែវ សារ៉ាត់ មិនសូវចន្លោះបទឡើយ ហេតុនេះ​ទាំងសមត្ថភាពពីកំណើត និងការហាត់សមតាម ធ្វើឲ្យអ្នកភូមិសរសើរថា មានទឹកដមល្អដូចលោក​ កែវ សារ៉ាត់។

លោក ពុត​ ហ៊ាន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចូលចិត្តតែបទ កែវ សារ៉ាត់ ហ្នឹងឯង។ ខ្ញុំច្រៀងតាំងពីតូចមក តែបទកែវ សារ៉ាត់​ ខ្ញុំស្រលាញ់តែ កែវ សារ៉ាត់ បទអ្នកផ្សេងច្រៀងមិនសូវបានទេ»។

លោកបានបន្តថា លោកធ្លាប់ប្រឡងចម្រៀងក្នុងភូមិ ក្នុងឱកាសបុណ្យទានម្តងៗដែរ ហើយតែងតែឈ្នះ ដៃគូរប្រកួតប្រឡងដទៃជានិច្ច។ លោកបង្ហើបថា លោកក៏ធ្លាប់ទៅទស្សនាការប្រគំតន្រ្តី នៅស្ថានីយ៍ទូរទស្សន៍បាយ័ន្តដែរ តែមិនដឹងថា ពេលចង់ច្រៀងត្រូវធ្វើយ៉ាងណានោះទេ។

លោក ថេង ចឹក ជាអ្នកភូមិម្នាក់មានផ្ទះឆ្ងាយពីលោក​ កែវ​​ សារ៉ាត់ ទី២ ចំនួនជាង៣០០ម៉ែត្រ បានឲ្យដឹងដែរថា លោក ពុត ហ៊ាន ពិតជាមានសំឡេងពីរោះណាស់។ លោកថា នៅពេលមានការប្រឡងតាមភូមិម្តងៗ លោកតែងតែងឈ្នះជានិច្ច ដោយសារមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ដែលស្គាល់គាត់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលគាត់ប្រឡងតាមភូមិ និងតាមវត្តគាត់ជាប់រហូត។ ខ្ញុំពិតជាចូលចិត្តស្តាប់គាត់ច្រៀងណាស់ ពេលខ្លះគាត់ស្រែកទៅ កន្លែងដែលខ្ញុំគិតថាតឹង តែគាត់ទៅរួច»។

បើតាមលោក ថេង ចឹង លោកតែងតែចង់បង្ហាញឲ្យគេបានស្គាល់ លោក កែវ សារ៉ាត់ ទី២ឲ្យកាន់តែច្រើន ដើម្បីបានដឹងពីសមត្ថភាពច្រៀង របស់គាត់ពិតៗ។ លោកតែងតែបង្ហោះលើបណ្តាញសង្គម Facebook នៅពេលដែលលោក ពុត ហ៊ាន ច្រៀងម្តងៗ​ ហើយបានទទួលការគាំទ្រយ៉ាងច្រើន ពីអ្នកប្រើប្រាស់ Facebook ផងដែរ។

ចង់ដឹងថា តើលោក ពត ហ៊ាន ពិតជាមានសំឡេងក្រអួនក្រអៅ ស្រដៀងនឹងលោក​ កែវ សារ៉ាត់ យ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖