Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំដំឡើងតង់ និងសម្ភារបរិក្ខារពេទ្យ ដើម្បីផ្ដល់សេវាសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

20-11-2018 21:24

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យការរៀបចំដំឡើងតង់ និងសម្ភារបរិក្ខារពេទ្យ ទាំង១២កន្លែង នៅតាមទីតាំងផ្សេងៗគ្នា ដើម្បីរៀបចំសម្រាប់ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាពេល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានត្រៀមរួចជាស្រេច នូវមន្ដ្រីសុខាភិបាល ១,០៣៧នាក់, រថយន្ដសង្គ្រោះ៦៨គ្រឿង ដោយ១១គ្រឿងប្រចាំនៅតាមតង់សុខភាពទាំង១២កន្លែង, ១៤គ្រឿង ដាក់នៅតាមដងផ្លូវសាធារណៈ នៅតាមទីតាំងច្បាស់លាស់, ២៤គ្រឿង ប្រចាំការនៅក្រសួងសុខាភិបាល, ១៣គ្រឿងទៀត ប្រចាំការនៅតាមទូកងនីមួយៗដែលកីឡាករ អញ្ជើញមកពីបណ្ដារាជធានីខេត្ដ ហើយក្រសួងក៏បានត្រៀមបន្ថែមទៀត នូវរថយន្ដសង្គ្រោះនៅតាមមន្ទីរពេទ្យចំនួន៦ទៀតផងដែរ។

សម្រាប់តង់ពិនិត្យសុខភាពទាំង១២ទីតាំង៖
១៖ កោះពេជ្រ,
២៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម,
៣៖ បរិវេណរណសិរ្យផ្នែកខាងកើត,
៤៖ មុខព្រះគម្លង់,
៥៖ ផែថ្មខាងជើងភោជនីយដ្ឋានទីតានិក,
៦៖ ទីលានប្រជាធិបតេយ្យទល់មុខឃ្លាំងសាំងសូគីមិច,
៧៖ ត្រើយខាងកើតទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ
៨៖ នៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ
៩៖ សួនច្បារមុខនាយកដ្ឋានអង្គរក្ស
១០៖ នៅក្បែរវេទិកា កិត្ដិយសខាងត្បូង
១១៖ នៅក្បែរវេទិកា កិត្ដិយសខាងជើង
១២៖ នៅមុខគណៈកម្មការជាតិ រៀបចំការបុណ្យជាតិ/អន្តរជាតិ

ប្រសិនបើលោកអ្នកមានបញ្ហា ស្វែងរកសេវាសុខភាព នៅតាមទីតាំង ដូចខាងលើ និងទំនាក់ទំ នងតាមរយៈទូរស័ព្ទលេខ៖១១៩ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យល្អ និងធានានូវសុវត្ថិភាពចំណីអាហារ ដើម្បីសុខភាពល្អ ព្រមទាំងកុំប្រជ្រៀតគ្នា ដើម្បីជៀសវាង បាននូវ ការដួលសន្លប់ជាយថាហេតុ ហើយសូមកុំពិសាគ្រឿងស្រវឹង ក្នុងពេលបើកបរ​ និងគោរពច្បាប់ចរាចរក្នុងពេលបើកបរ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ចរាចរផងដែរ ៕