(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំរាយប៉ាយ ស្រុកកងមាស ដោយដកហូតបានវត្ថុតាងប្រព្រឹត្ដបទល្មើសមួយចំនួន និងលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។
របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ លោកបានបញ្ជាអធិការនគរបាល ស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ ក្រុមប្រឹក្សាឃុំ និងសហគមន៍បឹងB៦ ដឹកនាំដោយលោក ហោ ហ៊ិន ក្រុមប្រឹក្សាឃុំ ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុក បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកស្ថិតក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
របាយការណ៍ដដែល បញ្ជាក់ថា ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង ចំនួន១៦មាត់, របាំងស្បៃមុង ប្រវែង៥៥០ម៉ែត្រ, បង្គោលចម្រុះ ចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន៣៥គីឡូក្រាម។
ចំពោះសម្ភារវត្ថុតាង បានសហការដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕