(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី២ នៅខេត្តស្ទឹងត្រែង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបានបញ្ចប់ដោយជោគជ័យជាមួយអ្នកទស្សនាជាង៤ម៉ឺននាក់។
ពិធីបិទបញ្ចប់ការប្រណាំងទូក «ង» ប្រព្រឹត្តឡើងក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតី លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងពិធីប្រណាំងទូក «ង» ដែលមានរយៈពេលបីថ្ងៃនេះ គឺមានទូកចូលរួមប្រណាំងចំនួន ១៥ទូក មកពីបណ្តាក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត និងមានកីឡាករចំនួន ៤០៩នាក់ និងកីឡាករបំរុងចំនួន ១០១នាក់។
នៅក្នុងឱកាសនៃការបិទបញ្ចប់ពិធីនេះ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត បានប្រគល់រង្វាន់ជូនទូកចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ១,០០០,០០០រៀល និងទង់កិត្តិយស១, ទូកចំណាត់ថ្នាក់លេខ២ទទួលបានថវិកាចំនួន ៧០០,០០០រៀល និងទង់កិត្តិយស១, ទូកចំណាត់ថ្នាក់លេខ៣ទទួលបានថវិកាចំនួន ៥៥០,០០០រៀល និងទង់កិត្តិយស១, ចំណែកឯទូកដែលមិនបានជាប់ចំណាត់ថ្នាក់ទទួលបានថវិកាចំនួន៤០០,០០០រៀល និងទង់កិត្តិយស ១ផងដែរ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំបានចំនួនមួយលើករួចមកហើយកាលពីឆ្នាំ២០១៧ ក្រោមការផ្តួចផ្តើមពី ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ខេត្ត ព្រោះកន្លងមកពុំមានព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្តធំបែបនោះឡើយ៕