(ភ្នំពេញ)៖ លោក ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបសំណេះសំណាលជាមួយតំណាងកីឡាករចំណុះទូក «ង» ចំនួន៤ សរុប២០០នាក់ ដែលមកពីស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីចូលរួមប្រកួតអុំទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យជាតិធំៗ តាមបែបប្រពៃណីទំនៀមទម្លាប់។
ក្នុងឱកាសអញ្ជើញសំណេះសំណាលនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ជាម ប៉េអា បានលើកឡើងថា ការរក្សាសាមគ្គីភាព ជាកម្លាំងសន្តិភាព ការអភិវឌ្ឍ និងការលើកកម្ពស់កិត្យានុភាព វប្បធម៌ប្រពៃណីជាតិ។
នៅក្នុងន័យនេះ លោក ជាម ប៉េអា តំណាងឯកឧត្តម កង សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានលើកទឹកចិត្តកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែង រួមកម្លាំងសាមគ្គីគ្នាក្នុងការប្រកួតប្រជែងអុំទូក ដើម្បីដណ្តើមជ័យលាភីជូនប្រជាជនក្នុងមូលដ្ឋាន និងខេត្តព្រៃវែងទាំងមូលឱ្យសាកសមជាខេត្ត ដែលបានផលិតទូកវែងជាងគេលើពិភពលោក ដោយបានបំបែកឯតទគ្គៈកម្មពិភពលោក (The Guinness World Records)។
លើសពីនេះទៀត តំណាងរាស្រ្តមណ្ឌលព្រៃវែងបានបន្ថែមថា ការសាមគ្គីភាពមិនគ្រាន់តែជាកម្លាំង នៃសន្តិភាព និងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងថែរក្សាបាន នូវមរតកវប្បធម៌ប្រពៃណីជាតិដ៏បរវររបស់យើងទៀតផង។ ជាក់ស្តែង ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូកបានបង្ហាញឱ្យឃើញពីបានថែរក្សា ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងលើកតម្កើងមរតកប្រពៃណីវប្បធម៌ ដ៏យូរលង់របស់ខ្មែរយើង ឱ្យកាន់តែល្បាញរន្ធឺលើឆាកអន្តរជាតិថែមទៀត ស្របពេលប្រជាជនកម្ពុជាយើង កំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាពពេញលេញទូទាំងប្រទេស និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករចំណុះទូក «ង» ដែលកំពុងស្នាក់នៅតំបន់ជ្រោយចង្វា លោក ជាម ប៉េអា បានឧបត្ថម្ភថវិកា ចំនួន៤លានរៀល ដល់កីឡាករចំណុះទូកទាំងអស់ និងផ្តាំផ្ញើកីឡាករទាំងអស់ត្រូវថែរក្សាសុខភាព។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេចតុមុខ ស្ថិតនៅមុខព្រះបរមរាជវាំង។ នៅឆ្នាំ២០១៨នេះ ទូក«ង» របស់ស្រុកស៊ីធរកណ្ដាល ដែលមកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក មានចំនួន៤ទូក រួមមាន ទី១៖បញ្ញាមុន្នីសែនជ័យបារមីគង់សរ៍, ទី២៖មច្ឆាផ្ទោង, ទី៣៖មច្ឆាមហារំអិល និងទី៤៖សម្បត្តិព្រះស្រុកសំរឹទ្ធតេជៈ៕