(ព្រះសីហនុ)៖ បន្ទាប់ពីបានផ្អាកការប្រណាំងទូកប៉ុន្មានឆ្នាំកន្លងមក នៅឆ្នាំ២០១៨នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតពិធីប្រណាំងទូកផ្កាចារនេះឡើងវិញ ដោយមានទូកអ្នកស្រុកចំនួន២១គូរ បានចូលរួមយ៉ាងរីករាយ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយមានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្ត បានថ្លែងសំណេះសំណាល ជាមួយក្រុមកីឡាករទូក ដែលបានចូលរួមប្រណាំងនាពេលនេះ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព បច្ចេកទេស ដើម្បីយកជ័យជម្នះពីដៃគូរ។ លោកបានបន្តថា ឆ្នាំនេះខេត្តបានរៀបចំពិធីនេះឡើង ដើម្បីរម្លឹកដល់គុណវីរៈកងទ័ពជើងទឹក ដែលបានខិតខំការការពារទឹកដី និងអធិបតេយ្យភាពជាតិ និងជាការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាប្រពៃណីជាតិរបស់ខ្មែរយើង។
ជាមួយគ្នានេះ លោក យន្ត មីន បានក្រើនរម្លឹកឲ្យពលរដ្ឋត្រូវរួមអនុត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព កុំប្រើប្រាស់គ្រឿងញៀន កុំលេងល្បែងស៉ីសង បងតូចបងធំ និងត្រូវគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ។
យោងតាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នាំនេះមានទូកផ្កាចារ ដែលបានចូលរួមប្រកួតមានចំនួន ២១ទូក ដែលមានទូកនារីមួយទូក និងទូកស្នោរ៦គូរ បានចូលរួមប្រណាំង រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រៅពីការប្រណាំងទូក នៅពេលរាត្រីក៏មានពិធីអកអំបុក បណ្តែតប្រទីប ដុតគោម កាំជ្រួច និងមានតន្ត្រីសម័យកម្សាន្តផងដែរ។
ជាលទ្ធផល ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានការថវិកាឧបត្ថម្ភ ១.០០០.០០០រៀល, លេខ២ឧបត្ថម្ភ ៦០០.០០០រៀល, លេខ៣ឧបត្ថម្ភ ៥០០.០០០រៀល។ ដោយឡែកទូកមិនបានចំណាត់ថ្នាក់ ក៏ទទួលបានឧបត្ថមថវិកាក្នុងមួយៗទូក ៤០០.០០០រៀលផងដែរ៕