(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានគេលើកឡើងថា ជាមេដឹកនាំមួយរូបដែលមានយុទ្ធសាស្ត្រ យុទ្ធវិធី និងល្បិចកិច្ចកលច្រើនក្នុងការដឹកនាំរបស់ខ្លួន។ ជាពិសេស គឺការប្រកួតប្រជែងលើសមរភូមិនយោបាយចាប់តាំងពីប្រទេសកម្ពុជាទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩។ ព្រោះតែភាពប៉ិនប្រសប់នេះហើយ ទើបធ្វើឲ្យមេដឹកនាំដែលប្រឡូកក្នុងសមរភូមិនយោបាយតាំងពីអាយុត្រឹមប្រមាណ ២៧ឆ្នាំរូបនេះ ឈ្នះដៃគូប្រជែងនយោបាយវ័យចំណាស់ជាបន្តបន្ទាប់។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ជាច្រើន ដែលសម្តេចបានប្រើក្នុងជីវិតនយោបាយ និងការដឹកនាំ របស់សម្តេច។ បទពិសោធន៍យុទ្ធសាស្ត្រដែលសម្តេចយកមកចែករំលែកនៅថ្ងៃនេះ គឺការ «រុញទូកបណ្តោយទឹក»។ ពាក្យនេះ គឺខ្មែរយើងឧស្សាហ៍និយាយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏ឧស្សាហ៍លើកឡើងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook ថា «តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា «រុញទូកបណ្ដោយទឹក» នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អុំ ឬចែវទូកទៀតនោះ ទើប ក្មួយៗចៅៗ យល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអុំ ឬចែវទូក រាប់យោជ...។ ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយ ក៏ដូច្នេះដែរ។ ថ្ងៃនេះខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍ សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ»។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្ត «រុញទូកបណ្ដោយទឹក»។ ប៉ុន្តែមានកត្តា២ ដែលក្មួយៗចៅៗត្រូវដឹង៖
- ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន ?
- ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់គោលដៅដែលបានប្រមើលទុកជាមុន។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា កត្តាទាំងពីរនេះសំខាន់ណាស់ ដូចជាកត្តាទី១ គឺពេលវេលា។ ពេលវេលាជាឱកាស មនុស្សឆ្លាត ចេះមើលឱកាស ចេះប្រើឱកាស និងចេះបង្តើតឱកាស។ បើរុញទូកបណ្ដោយទឹកពេលទឹកឡើងខ្លាំង ឬព្យុះភ្លៀងនេះ ទូកនឹងលិច។
ចំពោះកត្តាទី២ មិនត្រូវរុញទូកតាមខ្សែទឹកដោយគ្មានគោលដៅនោះទេ ។ មានក្មួយៗចៅៗ មួយចំនួនបានសម្រេចចិត្តចាប់យកមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា ឬជំនាញវិជ្ជាជីវៈខ្លះតាមរបៀបរុញទូកបណ្ដោយទឹកតែមិនកាន់ចង្កូតទេ ព្រោះខ្លួនឯងផ្ទាល់មិនដឹងគោលដៅផង ។ ត្រង់ចំណុចនេះ ត្រូវចេះរៀបចំកម្មវិធីជីវិតរបស់ខ្លួនឯងមួយ ដោយកសាងសុបិនសម្រាប់អនាគតរបស់ខ្លួនដែលពោរពេញដោយភាពប្រាកដនិយម។
សម្តេចបានលើកឡើងថា នៅក្នុងជីវិតនយោបាយរបស់សម្តេច សម្តេចបានគូសដៅទុកគ្រប់ជំហានគ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយតាំងពីសម័យសង្គ្រាម ។
ជាមួយការចែករំលែកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើផងដែរទៅដល់យុវជន ដោយមិនត្រូវដេកសមដួល រមួលសមគ្រិច ហើយឆ្លើយថា យកមេរៀនពីរឿងរុញទូកបណ្ដោយទឹក ដែលសម្តេចចែករំលែកនេះឡើយ។ សម្តេចតេជោ បានលើកឡើងថា មានចំណុច២ដែលត្រូវចាំឱ្យច្បាស់៖
* ចំណុចទី១ មានយុវវ័យខ្លះ អាចនៅមិនទាន់មានជីវភាពធូធារ បែរជាមិនខំរៀន និងរកសុីធ្វើការ ដោយអាងតែស្រែកថាខ្លួនក្រមកពីឪពុកម្តាយក្រ រួច «រុញទូកបណ្ដោយទឹក» តែម្តងទៅ។
សម្តេចតេជោ ក៏បានរំលឹកដែរឲ្យមានការតាំងឆន្ទៈមុះមុតក្នុងរឿងជាតិមាតុភូមិ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើ៕