(ភ្នំពេញ)៖ ក្រុមហ៊ុនចែកចាយឱសថក្លែងក្លាយ និងហួសសុពលភាព «ខេមបូឌា ខបភើរេសិន ហ្វាម៉ា» ដែលសមត្ថកិច្ចបង្ក្រាបកាលពីសប្តាហ៍មុនជាមួយការដកហូតថ្នាំរហូតដល់៤០តោននោះ បានធ្វើសកម្មភាពជាង៧ឆ្នាំមកហើយ។ បើទោះបីមានការបង្ក្រាបតែមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ឈានទៅចាប់ថៅកែធំរបស់ក្រុមហ៊ុននៅឡើយទេ គឺចាប់បានមេការម្នាក់ប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ បានអះអាងថា ក្រុមហ៊ុន «ខេមបូឌា ខបភើរេសិន ហ្វាម៉ា» បានចុះបញ្ជិការតែក្រុមហ៊ុនប៉ុណ្ណោះ ខណៈដែលឱសថមិនបានចុះបញ្ជិការនោះទេ។ លោក មៀច សុផាន់ណាក៏បានបង្ហាញពីការប្រើល្បិចរបស់ក្រុមហ៊ុនដើម្បីបន្លំភ្នែកសមត្ថកិច្ចផងដែរ ដោយក្រុមហ៊ុនបានដាក់លក់ផលិតត្រឹមត្រូវនៅខាងមុខ ហើយឱសថក្លែងក្លាយ និងហួសសុពលភាពដាក់នៅខាងក្រោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ បានថ្លែងយ៉ាងដូច្នេះថា «ក្រុមហ៊ុនចែកចាយ៧ឆ្នាំមកហើយ គឺឈ្មោះ ខេមបូឌា ខបភើរេសិន ហ្វាម៉ា។ ក្រុមហ៊ុនហ្នឹងចុះបញ្ជិការហើយ ប៉ុន្ដែចុះតែក្រុមហ៊ុននោះទេ ដោយមិនទាន់បានចុះថ្នាំ [...] មានថ្នាំខ្លះចុះបញ្ជិការ ហើយក្រុមហ៊ុនបានកែច្នៃស្ថានភាពឱសថ ហើយបើសមត្ថកិច្ចមិនមានជំនាញទេ មិនបានសិក្សាឲ្យយល់ដិតដល់ទេ ប្រាកដជាទៅគេថារបស់គេត្រូវច្បាប់ហើយ»។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបន្ថែមថា នៅពេលសមត្ថកិច្ចជំនាញយកឱសថទាំងអស់នោះ មកពិនិត្យ ឬចូលមន្ទីរពិសោធន៍ត្រឹមត្រូវ ទើបរកឃើញថា ឱសថដែលគ្មានច្បាប់អនុញ្ញាត គឺនៅខាងក្រោយឱសថដែលមានច្បាប់អនុញ្ញាត ពោលម្ចាស់ទីតាំងធ្វើសកម្មភាពយ៉ាងដូច្នេះដើម្បីបន្លំសមត្ថកិច្ច។
យ៉ាងណាមិញ ជុំវិញប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ និងហួសសុពលភាពនេះ កម្លាំងសមត្ថកិច្ច ដោយមានកិច្ចសហការពីក្រសួងសុខាភិបាល ក៏បានធ្វើការឃាត់ខ្លួនអ្នកចាត់ការទូទៅម្នាក់របស់ក្រុមហ៊ុន ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលម្ចាស់ក្រុមហ៊ុន សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការពិសេសរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការបង្ក្រាបបទល្មើសនាំចូល-រក្សាទុក ឱសថខុសច្បាប់ និងអន់គុណភាព នៅទីតាំងខាងលើដោយដកហូតបណ្ដោះអាសន្ននូវផលិតផលឱសថចម្រុះ ចំនួន ១៣៨មុខ ស្មើនឹង១០,៤៦៥ប្រអប់ ប្រហែល ៤០តោន។
យោងតាមការត្រួតពិនិត្យ របស់ក្រុមការងារបច្ចេកទេស និងជំនាញឱសថ បានសន្និដ្ឋានបឋមថា៖ ការដឹកជញ្ជូនមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ, ឱសថចំនួន ២៤មុខ (ស្មើនឹង២,០៤៣ប្រអប់) គ្មានវិញ្ញាបនប័ត្រចុះបញ្ជិការ, ឱសថចំនួន ៣៦មុខ (ស្មើនឹង១០,៤៦៥ប្រអប់) ផុតសុពលភាពប្រើប្រាស់ និងឱសថចំនួន១៣៨មុខ (ស្មើនឹង២,២៩៨ប្រអប់) មិនមានសរសេរលិខិតណែនាំជាភាសាខ្មែរ៕