(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចាត់ទុកការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់វិស័យសាធារណៈ គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ជីវភាពមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ឱ្យបានចាកផុតពីគ្រោះហានិភ័យនានា នៅពេលដែជួបប្រទះបញ្ហាពាក់ព័ន្ធសុខភាព ឬគ្ រោះថ្នាក់ជាយថាហេតុ។
លោករដ្ឋមន្ត្រី បានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន ១,៥៣៨នាក់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសាវតាសង្ខេប និងបេសកកម្មចម្បងរបស់ ប.ស.ស ដែលបង្កើតឡើងដោយអនុក្រឹតឆ្នាំ២០០៧ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីចុងឆ្នាំ២០០៨ ដើម្បីផ្តល់ជូនសេវាសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ឈរនៅលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នករៀបចំ និងដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន កាលពីឆ្នាំ២០១៧ បន្ថែមទៀត ដើម្បីធានាបាននូវសង្គតិភាព ក្នុងការគាំពារសង្គម ទាំងវិស័យសាធារណៈ និងវិស័យឯកជន។
«គោលនយោបាយសន្តិសុខសង្គម បានរួមចំណែកសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ តាមរយៈការចែករំលែកប្រាក់ចំណូលនៃខ្សែទទឹង និងបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងហានិភ័យផ្សេងៗ ដូចជាជនមានវ័យក្មេង ជួយដល់ជនចាស់ជរា ដែលប្រការនេះធ្វើឱ្យប្រជាជន ទទួលបានភាពកក់ក្តៅក្នុងជីវិត រក្សាបាននូវស្ថិរភាព និងភាពសុខដុមរមនា នៅក្នុងសង្គមទាំងមូល»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
សូមជម្រាបថា ដើម្បីលើកកម្ពស់សុខមាលភាព និងស្ថិរភាពសង្គម សំដៅធានាបាននូវសន្ដិសុខបា្រក់ចំណូល និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ប.ស.ស បានផ្តោតសំខាន់លើកត្តាចំនួន ៥ ដូចខាងក្រោម៖
១. ឆ្លើយតបយ៉ាងសមរម្យ នឹងតម្រូវការជាក់ស្តែងរបស់មន្រ្តីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន។
២. ការពារហានិភ័យការងារ និងផ្តល់ជូនសេវាថែទាំសុខភាព ដល់មន្ត្រីសាធារណៈ និងនិវត្តន៍ជន។
៣. ធានាភាពសមស្របនៃកាតព្វកិច្ចក្នុងការចូលរួម និងអត្ថប្រយោជន៍ដែលទទួលបាន។
៤. ពង្រឹងនិន្តរភាពផ្នែកសង្គមកិច្ច និងហិរញ្ញវត្ថុរបស់មន្រ្តីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន។
៥. ពង្រឹងភាពសុខដុមនីយកម្ម តាមរយៈការជួយគ្នាទៅវិញទៅមកដោយសមធម៌ និងសាមគ្គីភាព៕