(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៩៤៨គ្រឿង រកឃើញល្មើសច្បាប់៩៦២គ្រឿង (ម៉ូតូ៧៥%) អប់រំ៣២០គ្រឿង និងផាកពិន័យ៦៤២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន១,៤៦៨គ្រឿង, អប់រំ១៦៥គ្រឿង និងផាកពិន័យ២៧៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៩,២៥៨គ្រឿង រកឃើញយានយន្តល្មើស១៩,២៣៦គ្រឿង (ម៉ូតូ៨២%) ក្នុងនោះអប់រំ៤,៨៦២គ្រឿង និងផាកពិន័យ១៤,៣២៦គ្រឿង៕