(សៀមរាប)៖ ស.ស.យ.ក និងអាជ្ញាធរខេត្តសៀមរាប បានធ្វើយុទ្ធនាការសៀមរាប់ផ្ទះខ្ញុំ «ការសំអាតបរិស្ថានក្រុង» មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាក្រុងសៀមរាប ក្នុងគោលបំណងរួមគឺ ដើម្បីជម្រុញឱ្យក្រុងសៀមរាបរបស់យើងក្លាយជាទីក្រុង ដែលមានសោភ័ណភាព និងបរិស្ថានស្រស់ស្អាតសក្តិសមជាទីក្រុងទេសចរណ៍។
ពិធីនេះស្ថិតក្នុងវត្តមានរបស់លោក ទៀ សីហា អភិបាលរងខេត្ត, លោក ប្រាក់ សោភ័ណ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្តសៀមរាប, លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ភ្ញៀវកិត្តិយសសរុបប្រមាណ ៥០០នាក់។
លោក ទៀ សីហា បានថ្លែងថា ការចូលរួមក្នុងយុទ្ធនាការសៀមរាបផ្ទះខ្ញុំ «ការសំអាតបរិស្ថានក្រុង» ក្នុងគោលបំណងរួមគឺ ដើម្បីជម្រុញឱ្យក្រុងសៀមរាបរបស់យើង ក្លាយជាទីក្រុង ដែលមានសោភ័ណភាព និងបរិស្ថានស្រស់ស្អាត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ និងដើម្បីជម្រុញឲ្យអនាម័យបរិស្ថានក្នុងទីក្រុងសៀមរាប របស់យើង មានភាពស្រស់ស្អាត គ្មានសំរាម និងថង់ផ្លាស្ទិកនៅតាមដងផ្លូវ និងទីកន្លែងសាធារណៈផ្សេងៗ និងក្នុងតំបន់រមណីយដ្ឋាននានាក្នុងខេត្ត។
លោកបានបន្ថែមថា ម្យ៉ាងទៀតគឺដើម្បីជម្រុញឱ្យប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងក្រុង ក្នុងតំបន់មណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាម ក្នុងក្រុងសៀមរាប និងតំបន់អាជ្ញាធរអប្សរា បានយល់ដឹង និងរួមសហការគ្នាដើម្បីថែរក្សាបរិស្ថានឱ្យបានស្អាត ដោយរក្សាទុកដាក់កាកសំណល់ផ្សេងៗឲ្យបានល្អ និងមានសណ្តាប់ធ្នាប់ សំដៅឲ្យសោភ័ណភាពក្រុង និងក្នុងរមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកចូលទស្សនាខេត្តសៀមរាប បានដិតជាប់ក្នុងអារម្មណ៍ជាមួយ នឹងរមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្តដ៏លីល្បាញ និងមហាអស្ចារ្យប្រកបដោយបរិស្ថាន និងអនាម័យល្អ។
លោកបានគូសបញ្ជាក់ថា នេះជាលើកទី៩ ហើយដែលក្រុមគ្រួសារ ស.ស.យ.ក ខេត្ត បានធ្វើកម្មវិធីសៀមរាបផ្ទះខ្ញុំ ប្រធានបទសម្អាតបរិស្ថាន។ គោលដៅចំបងដែលយើងចង់បានទាំងអស់គ្នានោះគឺ ចង់ឲ្យបងប្អូន ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និងប្អូនៗយុវជន បានស្វែងយល់អំពីតម្លៃនៃបរិស្ថាន សោភ័ណភាពស្អាត ការទុកដាក់សំរាម ឬសំណល់នានាឲ្យបានត្រឹមត្រូវ ដើម្បីភាពស្រស់ស្អាត អនាម័យល្អ បរិស្ថានស្អាត របស់ក្រុងសៀមរាបដែលចាត់ទុកជាផ្ទះរបស់យើងគ្រប់គ្នា ធ្វើយ៉ាងណា បណ្តុះផ្នត់គំនិតដល់យុវជន ប្អូនៗសិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋអោយចេះវេចខ្ចប់ និងទុកដាក់សំរាមឲ្យមានរបៀបរៀបរយ។
ម្យ៉ាងវិញទៀត ឆ្នាំនេះក៏ជាលើកទី៤ដែរ ដែលក្រុមគ្រួសារ ស.ស.យ.ក បានចូលរួមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលប្រារព្ធឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ និងបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនជនរួមជាតិដែលបានមកទស្សនានិងចូលរួមពិធីបុណ្យនៅខេត្តសៀមរាប ដូចជាកម្មវិធីជិះទូកកម្សាន្តតាមស្ទឹង តោះៗលេងទឹក ប្រដាល់លើអាកាស ទាញព្រ័តលើតង់សាប៊ូ កញ្ញា ធ្លាក់ទឹក ពិធីរាំលេងកម្សាន្តជាមួយ ឌីជេ អមជាមួយការបាញ់ទឹក ព្រមទាំងមានលក់ម្ហូបអាហារឆ្ងាញ់ៗ និងកម្មវិធីមួយចំនួនទៀត។ ដោយឆ្នាំ២០១៨នេះ យើងគ្រោងរៀបចំនៅទីតាំងមុខផ្សារអង្គរត្រេដសេនធ័រ ខាងលិចស្ទឹងជិតផ្សារចាស់៕