(ប៉ៃលិន)៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការស្ថាប័នជំនាញ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការស្ថាបនាផ្លូវលំក្រាលគ្រួស១ខ្សែ ប្រវែងជិត១គីឡូម៉ែត្រ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស បានផ្តល់នូវភាពងាយស្រួលដល់ការដឹកកសិផលទៅលក់នៅទីផ្សារ និងសិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ១ខ្សែរនេះ បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ដែលបានសម្រេចយ៉ាងឆាប់រហ័ស ក្នុងការធ្វើផ្លូវនេះ ជូនដល់ប្រជាពលរដ្ឋ ព្រោះផ្លូវត្រូវបានខូចខាតជាច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ថា៖ ផ្លូវលំក្រាលក្រួស ១ខ្សែរ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាពេលនេះ គឺមាន ប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជីកប្រឡាយអមសងខាងផ្លូវប្រវែង ១៩០០ម៉ែត្រ សំណង់លូមូលអង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង ដែលគម្រោងនេះអនុវត្តន៍ដោយក្រុមហ៊ុន ឌី ធី រ៉ា ខនស្ត្រាក់សិន ប្រើប្រាស់កញ្ចប់ថវិកាមូលនីធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើទឹកប្រាក់ចំនួន ១៩៤ ៣០១ ០០០រៀល៕