(ភ្នំពេញ)៖ លោក ឡេ វ៉ានទុន ឯកទេសវះកាត់សន្លាក់ឆ្អឹង ប្រធានផ្នែកវះកាត់ឆ្អឹង មន្ទីរពេទ្យជោរៃហូជីមិញ ប្រទេសវៀតណាម បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មនុស្សប្រមាណជា៧០ភាគរយ នៅទូទាំងពិភពលោក បានកើតជំងឺសន្លាក់ជង្គង់ ហើយជំងឺប្រភេទនេះប្រឈមខ្លាំងចំពោះស្ត្រីដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។
ការបញ្ជាក់របស់វេជ្ជបណ្ឌិតជំនាញរូបនេះធ្វើឡើង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកម្មវិធី «ប្តូរសន្លាក់ជង្គង់សិប្បនិម្មិត» របស់មន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតជំនាញ ឡេ វ៉ានទុន បានបញ្ជាក់ថា «ជំងឺសន្លាក់ជង្គង់ នាពេលបច្ចុប្បន្ននេះ កើតឡើងចំពោះមនុស្សដែលមានវ័យចំនាស់ មិនថាស្រី ឬក៏ប្រុសនោះទេ តែភាគច្រើនស្ត្រីដែលមានវ័យ ចាប់ពី៥០ឆ្នាំឡើងទៅ ហើយនៅលើទូទាំងពិភពលោកមានមនុស្ស៧០ភាគរយហើយ បានកើតជំងឺប្រភេទនេះ»។
លោកវេជ្ជបណ្ឌិតបន្ថែមថា ជំងឺសន្លាក់ជង្គង់នេះ មានសញ្ញាគឺធ្វើឲ្យអ្នកជំងឺមានសភាពឈឺលើក្បាលជង្គង់ ហើយពិបាកធ្វើដំណើរបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ហើយជាការកត់សម្គាល់គឺ ដោយសារអ្នកជំងឺមានសភាពឈឺខ្លាំង។
វេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា ជំងឺសន្លាក់ជង្គង់នេះ ប្រសិនបើមិនធ្វើការព្យាបាលឲ្យទាន់ពេលវេលា ឬទុកជំងឺនេះយូរ នឹងអាចឲ្យអ្នកជំងឺកាន់តែខ្លាំង និងអាចបណ្តាលឲ្យវៀចដល់ឆ្អឹងខ្នងថែមទៀត រិតតែធ្វើឲ្យអ្នកជំងឺកាន់តែឈឺចាប់ថែមទៀត និងឈានដល់ពិការភាពទៀតផង។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលមន្ទីរពេទ្យជោរៃភ្នំពេញ នាំយកឧបករណ៍ថ្មីៗ និងទំនើប ដើម្បីធ្វើការព្យាបាលជូនអ្នកជំងឺផ្នែកវះកាត់ និងផ្លាស់ប្តូរសន្លាក់ជង្គង់សិប្បនិម្មិត ហើយកន្លងមកមន្ទីរពេទ្យដែលមានទំនុកចិត្តពីអ្នកជំងឺនេះ បានព្យាបាលជូនអ្នកជំងឺផ្នែកត្រគៀកដោយប្តូរដាក់ត្រគៀងសិប្បនិម្មិតជំនួស និងវះកាត់ដោយជោគជ័យផងដែរ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ឡេ វ៉ានទុន ក៏បានធ្វើការណែនាំពីវិធីការពារមិនបណ្តាលឲ្យខូចសន្លាក់ជង្គង់ទៅដល់ប្រពលរដ្ឋ ក៏ដូចជាមនុស្សដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ មិនត្រូវអង្គុយចោងហោងយូរពេក មិនឲ្យលើករបស់របរធ្ងន់ៗ ជាពិសេសត្រូវហូបអាហារ ឬថ្នាំដែលបំប៉នឆ្អឹងឲ្យបានគ្រប់គ្រាន់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕