(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់បងប្អូនកីឡាករទូក ង ទាំងអស់ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នចំពោះចំណីអាហារ ទាំងឡាយណាដែលមិនគប្បី កុំទទួលទាន ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងជាពិសេសក្នុងរយៈពេល៣ថ្ងៃនេះ សូមកុំឆ្លៀតពេលទៅរស្រីក្រៅផ្ទះឱ្យសោះ ដែលនាំឱ្យបាក់កំលាំង។
ទន្ទឹមនឹងនេះ សំរាប់ពេលរាត្រី កុំឈ្លក់នឹងភ្លើងព៌ណល្បែងកំសាន្ត ឬល្បែងស៊ីសងផ្សេងៗ រហូតដល់កណ្តាលអាធ្រាត្រ ឬជិតភ្លឺ បានចូលសំរាក គេងមិនគ្រប់គ្រាន់ ស្អែកឡើងពិតជាអុំទូកមិនកើតឡើង ហើយអាចកើតជម្ងឺខ្យល់គ បណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតថែមទៀតផង។
លោក ហែម ដារិទ្ធ បានលើកឡើងដូចនេះ ក្នុងឱកាសចុះសំណេះសំណាល ជាមួយបងប្អូនចំណុះទូកង ប្រមាណ៣០០នាក់ នៃទូកទាំង៤ គឺទូកភ្នៀតសិម្ពលីសែនជ័យបារមីមានរិទ្ធ, ទូកប្រជាការពារ សែនជ័យសុខាមានរិទ្ធ, ទូកនាគរាជសែនជ័យ និងទូកតេជៈចេស្តាសុខាមានរិទ្ធរបស់ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ នៅកន្លែងបោះទីតាំងបណ្តោះអាសន្ត ស្ថិតនៅ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
លោកបានថ្លែងថា ដើម្បីទទួលបានជ័យជំនះ គឺអាស្រ័យលើកីឡាករ បើកីឡាករបាក់កំលាំងនោះ មិនអាចធ្វើឱ្យទូកមានជ័យជំនះបានទេ ដូចនេះសូមបងប្អូនកីឡារទាំងអស់ ត្រូវអត់ធ្មត់ តបបញ្ហាទាំងឡាយខាងលើនេះឱ្យបាន ដើម្បីនាំទូករបស់យើងឱ្យទទួលបានជោគជ័យ។
ជាមួយនេះកីឡាករទាំងអស់ ក៏ត្រូវគោរពឱ្យបានវិន័យជាចំបង ទាំងការស្នាក់នៅការហូបចុក និងពេលធ្វើសកម្មភាពប្រណាំាង ព្រោះវិន័យនាំមកនូវសេក្តីថ្លៃថ្នូ និងវិន័យក៏នាំមកនូវជ័យជំនះ គ្រប់ពេលវេលាផងដែរ។ ក្នុងនាមគណៈអភិបាលខណ្ឌ លោកមិនចង់ឃើញទូកខណ្ឌពោធិ៍សែនជ័យមួយណា ដេញគេពីក្រោយនោះទេ គឺត្រូវតែរត់មុខគេគ្រប់ជើងពោលគឺទទួលបានជ័យជំនះ។
ក្រៅពីការផ្គត់ផ្គង់ស្បៀងអាហារសំរាប់ហូបចុកប្រចាំថ្ងៃ ពីសំណាក់ ព្រះចៅអធិការវត្តភ្លៀតសិម្ពលី, វត្តពូនភ្នំ និងវត្តទ្រនំជ្រឹង គណៈអភិបាលខណ្ឌ បានប្រកាសឧបត្តម្ភដល់ទូកទាំង៤ ក្នុងទូកនិមួយៗទទួលបាន ទឹកសុទ្ធ ២០០យួរ និង ៣៥កេស ,ទឹកក្រូច ៦២កេស ,គោជល់ ៣កេស ,បាកាស ៥កេស និងថវិការ ២លាន ៥សែនរៀល សំរាប់ជារួម និងសំរាប់កីឡាករម្នាក់ៗ ថវិកា ៣ម៉ឺនរៀលផងដែរ៕