(កណ្តាល)៖ នៅថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវត្តទេពរង្សី ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ព្រមទាំងមេបញ្ជាការរង នាយ នាយរង នៃកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នា ផ្តួចផ្តើមអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យសម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា ក្នុងវត្តទេពរង្សី។
ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសពីបច្ច័យដែលទទួលបានពីម្ចាស់ដើមបុណ្យទាំងអស់គ្នា មិនមែនតែនាយឧត្តមសេនីយ៍ម្នាក់ឯងនោះទេ គឺចំនួន២៣៨លាន៥០៥ពាន់រៀល ដែលបច្ច័យទាំងអស់នេះ សូមវេរប្រគេនជូនព្រះចៅអធិការវត្ត ដើម្បីយកទៅចាត់ចែង តាមសេចក្តីត្រូវក្នុងវត្ត។
នាយឧត្តមសេនីយ៍ បានបន្ថែមថា «អង្គកឋិនទាននេះ បានបង្ហាញពីសាមគ្គីភាពគ្នា ក្នុងនាមយើងជាប្រជារាស្ត្រខ្មែរ ដែលខ្មែរយើងភាគច្រើន បានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណីតាំងពីបុរុមបុរាណ ចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានពីសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ ប្រជាជនសម្បូរសប្បាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា វិស័យពុទ្ធចក្រ និងអាណាចក្រមានភាពរីកចម្រើន»។
ទន្ទឹមគ្នានេះ សម្តេចតែងតែរួមសុខរួមទុក្ខជាមួយប្រជារាស្ត្រខ្មែរ ខិតខំប្រឹងប្រែងជំន្នះគ្រប់ឧបសគ្គ សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនេះដែរនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតឡើងពីអង្គកឋិនទាននេះជូនចំពោះឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមទទួលបានមគ្គផលស្មើៗគ្នា។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវអំណរគុណ និងជូនពរចំពោះអស់លោក លោកស្រី លោកតា លោកយាយ ពុទ្ធបរិស័ទ បង ប្អូន ជនរួមជាតិទាំងអស់ ជាមួយនឹងការជូនពរចំពោះព្រះចៅអធិការ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ សូមប្រកបតែពុទ្ធពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិពានៈកុំបីឃ្លាតឃ្លៀងឡើយ ហើយអញ្ជើញទៅណាមកណា ប្រកបដោយសុវត្ថិភាព មានសេចក្តីសុខ៕