(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ រៀបចំធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ បានប្រមាណ៤០តោន។
ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីប្រតិបត្តិការបង្ក្រាប និងបានដកហូតជាបណ្ដោះអាសន្ននូវផលិតផលឱសថចំនួន៧៥០០កេស មានទម្ងន់ប្រហែល៤០តោន ស្មើនឹង១៨៥មុខ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខនោះ ត្រូវបាននាយឧត្តមសេនីយ៍ មៀច សុផាន់ណា គូសបញ្ជាក់ថា ដោយការចូលរួមពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។
ក្នុងចំណោមឱសថប្រមាណ៤០តោននេះ មានឱសថដែលគ្មានវិញ្ញាបនបត្របញ្ជិការ និងឱសថហួសសុពលភាពប្រើប្រាស់ ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
ពាក់ព័ន្ធនឹងឱសថក្លែងក្លាយនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់បានគូសបញ្ជាក់ថា ខណៈដែលតម្រូវការ នៃការប្រើប្រាស់ឱសថកាន់តែច្រើននោះ ជាឱកាសកាន់តែល្អសម្រាប់ក្រុមឧក្រិដ្ឋជនផលិត និងចែកចាយឱសថក្លែងក្លាយ និងហួសកាលបរិច្ឆេទ៕