(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាសរុបជិត ៣០លានរៀលជូនដល់កីឡករទូក «ង» ចំនួន១៦ មកពីខេត្តក្រចេះ និងមណ្ឌលគិរី។
នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក អ៉ឹម ឈុនលឹម រួមនិងលោក ស ចំរ៉ុង តំណាងរាស្ត្រ បានអញ្ជើញចុះទៅផ្តល់អំណោយទាំងនេះដោយផ្ទាល់ដៃជូនកីឡាករទូកទាំងអស់ ព្រមទាំងបានសំណេះសំណាលផ្តាំផ្ញើមួយចំនួនផងដែរ។
អំណោយដែលចែកជូននោះរួមមានអង្ករ ១,០០០គីឡូក្រាម (២០ប៉ាវ), មីម៉ាម៉ា ចំនួន ១២កេសធំ (ស្មើ ៧២កេសតូច), ទឹកដោះគោចំនួន ៤កេស (ស្មើ១៩២កំប៉ុង), ត្រីខចំនួន ៥កេស (៥០០កំប៉ុង) និង ៣៩យួរ, ស្ករសចំនួន ៥០គីឡូក្រាម, ទឹកក្រូចចំនួន ៣០កេស, ទឹកបាកាស់ចំនួន ១០០កេស, ទឹកបរិសុទ្ធវីតាល់ចំនួន ៦៤កេស។
ក្រៅគ្រឿងឧបភោគបរិភោគលោក អ៉ឹម ឈុនលឹម បានឧបត្ថម្ភថវិកាក្នុងមួយទូកៗសម្រាប់ទូកពិសេស ២លានរៀល, ទូកធម្មតា ៥០ម៉ឺនរៀល, ខេត្តមណ្ឌលគិរី ១ទូក ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល។ ដោយឡែកប្រធានគណៈប្រតិភូខេត្តក្រចេះ និងមណ្ឌលគិរី ទទួលបានម្នាក់១លានរៀល។
ក្នុងឱកាសនោះលោក អ៉ឹម ឈុនលឹម បានផ្តាំផ្ញើដល់កីឡាករទូក ក៏ដូចជាអ្នកហែហមមកទាំងអស់ត្រូវថែរក្សាសុខភាពហូបចុកឲ្យមានការប្រុងប្រយ័ត្នចៀសវាងការបង្កជាជំងឺផ្សេង។ លោកក៏បានផ្តាំផ្ញើឲ្យរួមគ្នាថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៅពេលប្រកួតទូកចៀសវាងការបង្កើតជាអំពើហិង្សាផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ភាពសប្បាយរីករាយក្នុងអំឡុងពេលបុណ្យអុំទូកនេះ៕