(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលតែងតែបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់អាជីវករ នៅតាមផ្សារទាំងអស់ ឱ្យគិតគូរខ្ពស់ពីសុខុមាលភាពជាសំខាន់។
ជាក់ស្តែង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក គង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារធំទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដើម្បីសុខភាពប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកជិតចូលមកដល់។
លោក គង់ វុទ្ឋី បានឱ្យដឹងថា ការចុះមកពិនិត្យនាពេលនេះ គឺក្រោមការចង្អុលបង្ហាញពីលោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ និងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតែម្តង។
ជាពិសេសជាងនេះទៅទៀតនោះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកំសាន្តនៅរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ដូច្នេះចំណីអាហារត្រូវតែមានសុវត្ថិភាព និងមានអនាម័យល្អ។
លោក គង់ វុទ្ធី បានណែនាំក្រុមអាជីវករដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកអនុប្រធាន ក៏បានសំណូមពរដល់បងប្អូនអាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ អាហារ និងគ្រឿងបរិភោគ ព្រោះសារធាតុទាំងនោះ បង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោប ម្យ៉ាងវិញទៀតអាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្តដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា។
លោក គង់ វុទ្ឋី បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងជំនាញបានយកគំរូ៥៩មុខ ដើម្បីទៅត្រួតពិនិត្យនៅឡាបូ និងការពិនិត្យជាក់ស្តែងគឺមិនមានសារធាតុហាមឃាត់អ្វីនោះទេ ហើយលោកមានការសប្បាយចិត្តជាខ្លាំង នៅពេលដែលឃើញមានការចូលរួមយ៉ាងសស្រាកសស្រាំពីបងប្អូនអាជីវករ ជាពិសេសបន្លែ ផ្លែឈើ ចំណីអាហារ គ្រឿងឧបភោគបរិភោប គ្មានអ្វីមិនប្រក្រតី៕