(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងប្រាប់កងទ័ពថា ត្រូវបង្កើនការយកចិត្តទុកដាក់ អប់រំរៀនសូត្រ ស្វែងយល់ពីការអភិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ពីឧបាយកលឃោសនាញុះញង់បោកប្រាស់ ពីកលល្បិចផ្សេងៗរបស់បក្សពួកប្រឆាំង និងពួកអគតិខាងក្រៅ ដោយឯករាជ្យម្ចាស់ការប្រឆាំងតបត និងប្រឆាំងដាច់ខាត ចំពោះឧបាយកល កលល្បិច និងស្មោះស្ម័គ្រ ហើយការពារដាច់ខាតរាល់សមិទ្ធផលរបស់ជាតិ។

លោកឧត្តមសេនីយ៍ បានប្រាប់ឲ្យបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ដោយគោរពឲ្យបានខ្ជាប់ខ្ជួន និងយកអស់កម្លាំងកាយចិត្ត ហ្វឹកហា
ត់គ្រប់ជំនាញស្របតាមពាក្យស្លោក «ស៊ូបង្ហូរញើសលើទីលានហ្វឹកហ្វឺន ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ ដោយពុំមានការយល់ដឹងពីយុទ្ធវិធីនៃកលយុទ្ធ»។ ត្រូវយកចំណេះដឹងបានពីការហ្វឹកហ្វឺន រៀនសូត្រនេះ ទៅបម្រើនិងបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ និងឲ្យចំគោលដៅ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលវិក្រិត្យការ១-២(PA-P2) របស់យោធភូមិភាគទី៣ ឆ្នាំ២០១៨
ខេត្តកំពង់ស្ពឺ។

នៅចំពោះមុខនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មេបញ្ជាការកងទ័ពជើងគោករូបនេះ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកប្រកបដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងខ្លួនលោកផ្ទាល់ ផ្ញើជូនចំពោះ យោធាចារ្យ សិក្ខាកាម នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមានទីនេះ ក៏ដូចជា នៅទូទាំងយោធភូមិភាគីទី៣ ក្នុងសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត រួមជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចការពារជាតិ បូរណភាពទឹកដី និងប្រជាជន ថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមានភាពសំបូររុងរឿង។

លោកថា ការហ្វឹកហ្វឺន និងការកសាងធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ពិតជាឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាង និងពង្រឹងភាពរឹងមាំលើវិស័យការពារជាតិ និងការធ្វើសមាហរណកម្មកងទ័ពចូលក្នុងសហគមន៍អន្តរជាតិ តាមរយៈការកសាង កងទ័ពកម្ពុជាឲ្យក្លាយជាកងទ័ពមានសមត្ថភាពក្នុងវិជ្ជាជីវៈ ដើម្បីចូលរួមបំពេញបេសកកម្មក្នុងតំបន់ ពិភពលោក ការពារបូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែងថ្ងៃនេះ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលវិក្រឹត្យការ១-២ ដែលទើបបានបញ្ចប់វគ្គ គឺជាសក្ខីភាពបញ្ជាក់ពីការពង្រឹង និងពង្រីកចំណេះដឹង ចំណេះធ្វើ និងសមត្ថភាព ជាពិសេសលើមុខជំនាញ យុទ្ធវិធីថ្មើរជើង ឋានលេខា លំហាត់របៀប ការបាញ់គ្រាប់ពិត និងមុខវិជ្ជាបម្រើប្រយុទ្ធមួយចំនួនទៀត ដែលមានសារសំខាន់បំផុត ក្នុងការកសាងកម្លាំងស្នូលជាប្រភពធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចាត់ទុកថា ការហ្វឹកហ្វឺនធានានិរន្តរភាព ប្រសិទ្ធភាព និងសមត្ថភាពនៅក្នុងការបំពេញភារកិច្ច គឺជាការងារស្នូល ហើយអ្នកដែលដើរតួសំខាន់ នៅក្នុងការបណ្ដុះបណ្ដាលគឺសាលា និងយោធាចារ្យ ដែលត្រូវយកចិត្តទុកដាក់ជាចម្បង ក្នុងការធានាការផ្ទេរការហ្វឹកហ្វឺនតាមបទដ្ឋាន តាមក្បួនខ្នាតគឺជាការចាំបាច់នៅក្នុងការធានាការងារកងទ័ព និងការនិរន្តរភាព ការឯកភាពគ្នានៅក្នុងវិស័យកងទ័ព។ ការធានានិរន្តរភាព និងគុណភាព និងបរិមាណ និងសមត្ថភាពរបស់យោធាចារ្យ គឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ជាចាំបាច់ ជាពិសេសយោធាចារ្យបន្តវេន។ យើងនិយាយអំពីការបន្តវេនការពារជាតិយើងត្រូវនិយាយអំពីភារកិច្ចបន្តវេនរបស់យោធិនគ្រប់ជំនាន់។ ការធានានិរន្តរភាពនៃការប្រុងប្រយ័ត្នយើងត្រូវតែមាន គឺត្រូវធានានិរន្តរភាពនៃសមត្ថភាពរបស់កងកម្លាំង ដូច្នេះត្រូវធានាសមត្ថភាព និងនិរន្តរភាពនៃការបណ្ដុះបណ្ដាលដែលផ្ដោតសំខាន់ផ្នែក៣គឺ គ្រូ ឯកសារ និងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន សិក្ខាកាមទើបបញ្ចប់វគ្គសិក្សា និងកម្មសិក្សាការីទាំងអស់ដូចខាងក្រោម៖

*ត្រូវបន្តអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗ ជាអាទិ៍ កម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយ លើវិស័យការពារជាតិ។

*ត្រូវផ្តោតការយកចិត្តទុកដាក់ជាចាំបាច់លើការងារអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយ អប់រំអំពីច្បាប់រដ្ឋ បទវិន័យកងទ័ព និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹង ការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលចំពោះកងទ័ព ដើម្បីធានាបាននូវ ភាពស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ធានាការគោរពរដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋ បទវិន័យកងទ័ព រក្សាបានអត្តចរិតថ្លៃថ្នូរស្អាតស្អំ មានឆន្ទៈស្នេហា ជាតិមាតុភូមិ និងប្រជាជន ព្រមទាំងអនុវត្តដោយម៉ឺងម៉ាត់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។ ប្រឆាំងដាច់ខាតរាល់អំពើរំលោភបំពានច្បាប់ពួកអគតិបង្កឡើង។

*ត្រូវប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីជនខាងក្រៅ ដោយមិនទុកឲ្យក្រុមជនក្បត់ជាតិ ក្រុមវង្វេងជាតិបម្រើបរទេស ឃុបឃិតជាមួយបរទេស បន្តបំផ្លាញជាតិកម្ពុជាតទៅទៀតបានឡើយ។ យើងទាំងអស់គ្នាត្រូវតែចងចាំ និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងតែមាននេះ និងមិនអនុញ្ញាតឲ្យជនណាម្នាក់មកបំផ្លាញសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលដែលកំពុងមាននេះជាដាច់ខាត។ ត្រូវការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ សន្តិភាព និងស្ថិរភាព ដោយមិនចុះញ៉មជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះឡើយ។

*យកចិត្តទុកដាក់ថែរក្សាការពារគ្រប់គ្រង និងរក្សាទុកដាក់អាវុធ-គ្រាប់ ជាតិផ្ទុះឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមច្បាប់របស់រដ្ឋ។ អាវុធ-គ្រាប់ទាំងអស់ ត្រូវស្ថិតក្នុងកន្លែងមានសុវត្តិភាព ដោយមិនឲ្យធ្លាក់ទៅដល់ដៃខ្មាំងសត្រូវឡើយ។

*ត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពសម្ព័ន្ធមេត្រី រួមជាមួយប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីភាពជាតិ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់បទល្មើស នានា ដែលធ្វើឲ្យមានអស្ថិរភាពក្នុងសង្គមជាតិ និងត្រៀមមធ្យោបាយសម្ភារដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយ- ថាហេតុ។

*ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ រួមចំណែក ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងខិតខំយកចិត្តទុកដាក់ថែរក្សា សុខភាពរបស់កងទ័ព។

*ចំពោះយោធាចារ្យ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ សិក្សារៀនសូត្របន្ថែមទៀតក្នុងការបង្កើនសមត្ថភាពជំនាញរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ដើម្បីបង្ហាត់បង្រៀនផ្ទេរនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ជូនដល់សិក្ខាកាម។

*ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានសម្រេចនូវផែនការហ្វឹកហ្វឺន គោរពឲ្យបាននូវរាល់បទបញ្ជា ជាពិសេសបទបញ្ជាផ្ទៃក្នុង អត់ធ្មត់លត់ដំ កសាងខ្លួន កសាងសតិអារម្មណ៍ ដើម្បីក្លាយទៅជាកងទ័ពដែលមានសមត្ថភាពពេញលេញ ក្នុងបុព្វហេតុ ការពារជាតិ និងប្រជាជន៕