(រតនគិរី)៖ លោក យឹម ផែន អភិបាលរងខេត្តរតនគិរី និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងនៅក្នុងខេត្តរតនគិរី គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួនបី ដែលបានសម្លាប់ជនរងគ្រោះអស់ចំនួន ៤០នាក់ និងបង្កឲ្យជនរងគ្រោះរងរបួសធ្ងន់ ស្រាលចំនួន ១៥០នាក់ ក្នុងរយ:ពេល ១១ខែ ឆ្នាំ២០១៨នេះ។
ការលើកឡើងដូចនេះរបស់លោក យឹម ផែន បានធ្វើឡើងនៅក្នុងឱកាសពិធីបុណ្យអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ ដែលបានប្រារព្ធធ្វើឡើងនៅទីកន្លែងមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តរតនគិរី នាថ្ងៃទី២០ ខែវិច្ឆិកានេះ។
អភិបាលរងខេត្តរូបនេះ បានអំពាវនាវដល់គ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងខេត្តរតនគិរីទាំងអស់ ឲ្យត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ដើម្បីចូលរួមអនុវត្តច្បាប់ ដោយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ជាពិសេសមិនត្រូវបណ្តែតបណ្តោយក្មេង ដែលមានអាយុតិចជាង៦ឆ្នាំ និងលែងសត្វពាហនៈ ឲ្យដើរនៅលើថ្នល់ជាតិនោះទេ។
ថ្លែងក្នុងឱកាសនោ លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋាន អនុគណ:កម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស។
អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរូបនេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានអ្នកជិះទោចក្រយានយន្តចំនួន ៨១ភាគរយដែលភាគច្រើនជាយុវវ័យ បានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន ៧៧ភាគរយមិនបានពាក់មួកសុវត្ថិភាព ក្នុងពេលមានគ្រោះថ្នាក់៕