(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនឹងចុះចែកមួកសុវត្ថិភាពចំនួន១០ម៉ឺនមួក នៅពេលដែលក្រុមការងារគណៈកម្មការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសគ្រោះថ្មាក់ផ្សេងៗ នៅពេលធ្វើ ដំណើរតាមដងផ្លូវក្នុងឱកាសបុណ្យអុំទូក ខាងមុខនេះ។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើឡើងថា កាលពីកន្លងទៅ យើងបានចុះផ្សព្វផ្សាយ និង ចែកមូកសុវត្ថិភាពបានជិត៥ម៉ឺនមូកហើយ ដែលជាការសហការគ្នារវាងក្រសួងសាធារណការ និង គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។ លោកបញ្ជាក់ថា «យើងនឹងបន្តចែកឲ្យបាន១០ម៉ឺនមួក ទៅតាមគោលការដែល បានគ្រោងទុកហើយ យើង និងបន្តចុះផ្សព្វផ្សាយជាបន្តទៀតនៅក្នុង១ ខែយើងចុះផ្សព្វផ្សាយចំនួន៣ខេត្ត ហើយយើងបានចែកស្ទីកឃើចំណាំងផ្លាតបិទ លើម៉ូតូបានចំនួន ៣,៤០៦,០០០ស្ទីកឃើ មកហើយ»។
ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវពាក់មូកសុវត្ថិភាព ទាំងអ្នកបើកបរនិងអ្នករួមដំណើរព្រមទាំងកុមារ ដែលមានអាយុ៣ឆ្នាំឡើងទៅ អ្នកដែលបើកបរយានយន្តត្រូវ ពាក់ខ្សែ ក្រវ៉ាត់ឲ្យបានត្រឹមត្រូវ កុំជិះលើរថយន្តផ្ទុកលើសចណុះ សំពីងសំពោង កំបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមុនវ៉ាចេងត្រូវ មានការប្រុងប្រយ័ត្នចៀសវាងមានគ្រោះថ្នាក់កើតឡើង លោកបានជូនពរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ទទួលបាននូវសុខសុវត្ថិភាពទាំងអស់គ្នា។
សូមជម្រាបថា ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក៏មានការឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ទទួលបានមួកសុវត្ថិភាពផងដែរ។
ឱកាសពិធីអុំទូក អកអំបុកអកបណ្ដែតប្រទីប និងសំពះព្រះខែគណៈកម្មការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវឱ្យអនុវត្តដូចជា៖
១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត
២៖ មិនត្រូវបើកបរលើសល្បឿន កំណត់ជាដាច់ខាត
៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
៤៖ ត្រូវគោរពសិទ្ធិអាទិភាពរូបសញ្ញាចរាចរ និងប្រកាន់ស្តាំជានិច្ច
៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត
៦៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង
៧៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។
៨៖ សូមកុំទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ។ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬអ្នកជិះលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពដែលងងយយដេកជាដាច់ខាត ។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
គួរកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ នេះមានអ្នកជិះទោចក្រយានយន្តចំនួន៨១% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមាន៧៧% ដែលមិនបានពាក់មួកសុត្ថិភាព ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍៕