(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ លោក តេហ្វាន ដូចារិក (Stephane Dujarric) អ្នកនាំពាក្យអគ្គលេខាធិការ នាថ្មីៗនេះ គឺលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរ (António Guterres) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាដែលបានចូលរួមចំណែកក្នុងកិច្ចការដ៏សំខាន់របស់ អ.វ.ត.ក ដើម្បីស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកឲ្យផ្តល់ការគាំទ្រដល់ អ.វ.ត.ក ជាបន្តទៀត។
តាមរយៈខ្លឹមសារសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឃើញការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សាលក្រមថ្ងៃនេះ បង្ហាញឲ្យឃើញថា ចារីដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសាហាវយង់ឃ្នងបំផុត ត្រូវបានសម្រេចឲ្យទទួលខុសត្រូវ ទោះបីជាឧក្រិដ្ឋកម្មទាំងនោះត្រូវបានប្រព្រឹត្តឡើង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្តី។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវឆ្នាំ១៩៤៩ ដែលជនជាប់ចោទទាំងពីរនាក់ ត្រូវបានរកឃើញថាមានពិរុទ្ធភាព»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលក្រមសំណុំរឿង ០០២/០២ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និងខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត។ ការសម្រេចនេះ បាននាំឲ្យមានការសាទរពីសំណាក់ប្រជាពលរដ្្ឋខ្មែរ និងបណ្តាប្រទេសជាច្រើនផ្សេងទៀត ដោយចាត់ទុកការសម្រេចនេះ ជាការផ្តល់នូវយុត្តិធម៌មួយដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះក្នុងរបបដ៏ឃោរឃៅនោះ៕