(ភ្នំពេញ)៖ លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកីឡាករអុំទូកខេត្តកំពង់ធំ នៅទីតំាងតំបន់ OCIC បរិវេណទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ និងសាលាវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងគណៈកម្មការដឹកនាំទូកខេត្តទំាងអស់ និងក្រុមកីឡាករទូក។
លោក ងួន ញ៉ិល បានផ្តាំផ្ញើដល់កីឡាករអុំទូកទំាងអស់ ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ។ លោកបន្តថា កីឡាករអុំទូកទាំងអស់ ត្រូវហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសំរាម បន្ទោរបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។
លោក ងួន ញ៉ិល បានលើកឡើងបន្តថា ឆ្នាំនេះទូកចូលរួមនៅថ្នាក់ជាតិសរុបចំនួន២៩៥ទូក, ទូកពិសេសចំនួន៨៦ទូក, ចំណុះអុំសរុបចំនួន១៩,០៧៩នាក់ និងកម្លំាងត្រៀម ចំនួន៣,៥៤៦នាក់ផងដែរ។
ជាមួយគ្នានេះ លោក សុខ លូ បានឲ្យដឹងដែរថា គណៈកម្មការខេត្តដឹកនាំទូកមកចូលរួម សុរបចំនួន១០ទូក មានទូកវែង ចំនួន៦ទូក, ទូកមួងបុរសចំនួន២ទូក, ទូកខ្នាតអន្តរជាតិចំនួន២ទូក។ ក្នុងនោះ ទូកមកពីស្រុកកំពង់ស្វាយ មានចំនួន២ទូក, ក្រុងស្ទឹងសែន១ទូក, ស្រុកប្រាសាទសំបូរ៣ទូក, ស្រុកសន្ទុក១ទូក និងស្រុកបារាយណ៍៣ទូក ដែលមានកម្លាំងអុំពិត ចំនួន៥៥៩នាក់ និងកម្លាំងត្រៀម ចំនួន១២៩នាក់ សរុបចំនួន៦៨៨នាក់។
លោក សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសលោក ងួន ញ៉ិល និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលតែងតែគាំទ្រ ឧបត្ថម្ភទាំងសម្ភារ និងថវិកា ទាំងនៅពិធីអុំទូកថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាពិសេសនៅថ្ងៃនេះ ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយជោគជ័យ និងសប្បាយរីករាយទំាងអស់គ្នា។ លោកថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញ សំបូរទៅដោយទូក ដែលមានល្បឿនលឿនជាងគេ ទំាងនៅក្នុងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ននេះ និងមានជំនឿថា ទូកខេត្តកំពង់ធំ នឹងអាចដណ្តើមជ័យជម្នះច្រើនលើសលុប ជាក់ជាមិនខានឡើយ។
សូមជម្រាបថា លោក ងួន ញឹល បានឧបត្ថម្ភអង្ករ៥តោន, មី៨០កេស, ទឹកស៊ីអ៊ីវ៨០យួរ, ទឹកត្រី៨០យួរ, ទឹកសុទ្ធ៣០០យួរ, និងថវិកា៣ពាន់ដុល្លារផងដែរ៕