(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កីឡាករទូក «ង» មកពីខេត្តព្រះវិហារ នៅទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានផ្តាំឲ្យកីឡាករអុំទូកមកពីខេត្តព្រះវិហារទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អ ដោយចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចៀសឲ្យឆ្ងាយពីការចម្លងមេរោគអេដស៍ នោះទើបឲ្យការប្រណាំងទូកទទួលបានជោគជ័យ។
ក្នុងឱកាសនាំយកថវិកា និងអំណោយរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោក អ៊ុន ចាន់ដា បានថ្លែងថា ជ័យជម្នះមួយដែលត្រូវទទួលបាន លុះត្រាតែមានសុខភាពល្អ មានកម្លាំងពលំគ្រប់គ្រាន់។ ប៉ុន្តែបើមិនមានសុខភាព មិនមានកម្លាំងកំហែងទេនោះ ពិតជាមិនអាចធ្វើកិច្ចការអ្វីមួយ ទទួលបានជោគជ័យនោះទេ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងចូលមកដល់នៅថ្ងៃស្អែកនេះ។ ដូច្នេះបងប្អូន ដែលជាកីឡាករអុំទូកទាំងអស់ ដែលមកពីខេត្តព្រះវិហាររបស់យើង ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចៀសឲ្យឆ្ងាយការចម្លងមេរោគអេដស៍ នោះទើបយើងមានកម្លាំងគ្រប់គ្រាន់ ក្នុងការឈានទៅដណ្តើមជ័យជម្នះ ការប្រណាំងទូកជូនខេត្តរបស់យើងបាន»។
ជាមួយគ្នានោះ លោកសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សប្បុរសជនដែលបានជួយឧបត្ថម្ភជាថវិកា និងសម្ភារ ដូចមានរាយនាមខាងក្រោម៖
*ទី១៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ឧបត្ថម្ភថវិកា១៥០លានរៀល, ទឹកសុទ្ធ១០កេស, ទឹកក្រូច២០កេស, មី៤០កេសតូច, ត្រីខ១០កេស, ប៊ីចេង៥០គីឡូក្រាម និងឆៃប៉ូវ២០គីឡូក្រាម
*ទី២៖ លោក ឡេង ហ៊ួ ជូនថវិកា១០លានរៀល
*ទី៣៖ ក្រុមហ៊ុន សី សាន ថវិកា៦លានរៀល
*ទី៤៖ លោក សុខ សាន្តតារា អភិបាលស្រុកឆែប ថវិកា១លានរៀល ព្រមទាំងសប្បុរសជនជាច្រើនរូបទៀតផងដែរ៕