(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជា គណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក បានរៀបចំពិធីអុំទូកងសាកល្បង នៅរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ស សុខា ប្រធានគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក ដើម្បីអុំបង្ហាញជូនថ្នាក់ដឹកនាំ បានទស្សនាក្នុងព្រះរាជពិធីអ៊ុទូកបណ្ដែត ប្រទីប សំពះព្រះខែ អកអំបុក។
ក្នុងការអុំសាកល្បងនេះ ទូក «ង» វែងជាងគេ ដែលទើបជាប់កំណត់ត្រាពិភពលោកថ្មីៗនេះមួយគ្រឿង និងទូកអម សងខាងចំនួន១០គ្រឿង និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ នៅទីតាំងផែស្ងួត រាជធានីភ្នំពេញ តាមបណ្ដោយដងទន្លេសាប។ ការអុំទូកសាកល្បង នៅមាត់ទន្លេ មុខព្រះបរមរាជវាំង ដើម្បីត្រៀមចូលរួមប្រកួតជាផ្លូវការ ដែលនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ និងអកអំបុក ដែលនឹងឈានចូលមកដល់ ហើយការប្រកួតរបស់ក្រុមកីឡាករទូក «ង»។
ទូក «ង» ដែលវែងជាងគេលើពិភពលោក ឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ដែលទើបតែនឹងជាប់កំណត់ត្រាទូក «ង» វែងជាងគេលើពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីអុំទូកទៅ នឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមជម្រាបថា ក្នុងពិធីអុំសាកល្បងនេះ លោក ស សុខា ផ្ដល់ជូនអំណោយជាសម្ភារ ស្បៀងអាហារមួយចំនួន រួមមាន៖ អង្ករ មី ត្រី អាវប៉ោង ជាដើម ហើយលោកបានផ្ដាំផ្ញើទៅចំណុះទូកទាំងអស់ មេត្តាយកចិត្តទុកដាក់ប្រឹងប្រែងហ្វឹកហាត់សម និងសម្រាកឲ្យបានគ្រប់គ្រាន់ សន្សំកម្លាំងដើម្បីធ្វើការប្រកួតទទួលបានជ័យជម្នះជូនខេត្តពេលត្រឡប់ទៅវិញ។
គួររំលឹកថា ពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូក «ង» ចូលរួមប្រកួតចំនួន២៩៨ទូក ខណៈឆ្នាំ២០១៧ មានទូកង ត្រឹមតែ២៧០ទូក និងមានកីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបវិញ មានចំនួន១៥ លើសពីឆ្នាំមុន ខណៈអាជ្ញាធរ ក៏ដូចជាគណៈម្មាធិការរៀបចំបុណ្យជាតិ មានក្ដីរំពឹងទុកថា នឹងមានប្រជាពលរដ្ឋចូលរួម ប្រមាណ៣លាននាក់។
ទូក «ង» ដែលបានចូលរួមអុំសាកល្បងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានទូក «ង» ចំនួន១១គ្រឿង និងមានចំណុះទូក ចំនួនសរុប១,០០០នាក់ ក្នុងនោះឈ្មោះទូក ង មាន៖ ទូក «ង» កម្ពោជិកបុត្តាខេមរាតរី, ស សុខាពាមជរ សែនជ័យបារមីតាអេង, សព្រួញពេជ្រ, ឈិនសុវណ្ណច័ន្ទបូរី សារ៉ាតសែនជ័យ, រាជព្រឹក្សតេជោ សែនជ័យ, រស្មីបុផ្ផា សែនជ័យ, សែនច័ន្ទចេស្ដា កញ្ញាសំបូរ, កំពូលពេជ្រ ទៀ បាញ់, សារ៉ាតសែនជ័យ បារមីអន្លង់ស, សារ៉ាយសែនជ័យ បារមីស្រីស្រស់ចំប៉ា និងប្រាសាទ សុខា សែនជ័យ៕